ព័ត៌មានជាតិ

កុមារាម្នាក់ មានទីលំនៅ ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារអាយុ ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល មានការសោកស្តាយ និងសូមចូលរួមមរណទុក្ខជាមួយ មាតាបិតានិងក្រុមគ្រួសារ ចំពោះការស្លាប់របស់កុមារា អាយុ ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសារជំងឺផ្តាសាយបក្សី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទោះជាក្រុម គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ ប្រឹងប្រែងជួយសង្គ្រោះ អស់ពីសមត្ថភាពក៏ដោយ។

ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេត តាមដាន ស្រាវជ្រាវ យ៉ាងសកម្មនៅកន្លែងកើតហេតុ ដោយយកសំណាក លើប្រជាជនដែលប៉ះពាល់ជាមួយអ្នកជំងឺ និង បន្តស្វែងរក ករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងបានព្យាបាល បង្ការបន្ទាន់ដោយឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំ ណែនាំ ដល់ប្រជា ពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ដើម្បីបង្ការការឆ្លងជំងឺផ្តាសាយបក្សី។

ក្រសួងសុខាភិបាល បានក្រើនរំលឹកសារ ជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បាន ប៉ះពាល់ជាមួយ មាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមាន មនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

To Top