តាកែវ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើការទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្តប្រមាណជាង ៣០ម៉ឺននាក់។
បើយោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ មានបងប្អូនប្រជាពលរដ្ឋ ចំនួន ៣១៩៤៥៦នាក់ បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរបរទេសចំនួន ៩៦០នាក់ផងដែរ។

ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះ ត្រូវបាន លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង ២ពាន់ នាក់ដែលរួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងទាហានបានចូលរួមការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេ សន្តិសុខត្រូវបានរឹតបន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកកាត់ខ្សែបូរបើកពិធីបុណ្យទន្លេ ដូច្នោះមានការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះយ៉ាងណាក៍ដោយក៍សមត្ថកិច្ចយើងបានធ្វើការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មានកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កលក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិរួមមានមាន ការរត់ប្រណាំងមហាជនចម្ងាយ ៥គីឡូម៉ែត្រដោយមានអ្នកចូលរួមជាង១ពាន់នាក់ មានការរៀបចំក្រុងពាលី ដែលចូលរួមជាអធិបតីពីលោក ហ៊ួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមានការជិះទូកកាយ៉ាក់លេងកម្សាន្តនៅបឹងតាកែវ ការប្រកួតលេងអុក និងប្រកួតគុណខ្មែរនិងមានកីឡាជាច្រើនទៀត ដោយឡែកនៅពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនីល្បីៗ ការតាំងពិពណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំងមានការបង្ហោះគោម និងការអុចកាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យទន្លេអោយសារធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយផងដែរ៕


