ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង៥ ។
សម្តេចធិបតីបន្តថា ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាមជាខែដ៏ពិសិដ្ឋនៃសាសនាឥស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។
សម្តេចថា បន្ថែមពីនេះ មូលហេតុសំខាន់ចម្បងមួយទៀត ក្រៅការបួស ឬតមអាហារ អំណត់នាពេលថ្ងៃ សាសនាឥស្លាម ក៏បានជំរុញ និងលើកទឹកចិត្តដល់សាសនិកទាំងអស់ ក្នុងការសូត្រគម្ពីរអាល់គូរអានឱ្យបានច្រើនផងដែរ ព្រោះថា ខែរ៉ាម៉ាឌន គឺជាខែដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គូរអានជាលើកដំបូង តាមរយៈ ព្យាការីម៉ូហាំម៉ាត់ ដើម្បីផ្សព្វផ្សាយដល់ជនម៉ូស្លីមទាំងអស់ ។
ការលើកឡើងរបស់សម្តេចធិបតី ស្របពេលសម្តេចនឹងអញ្ជើញជាអធិបតីពិធីស្រាយបួសខែរ៉ាម៉ាឌនខ្មែរ-ឥស្លាមនៅ អូស៊ីអាយស៊ី ជ្រោយចង្វា នៅម៉ោង៤ល្ងាចថ្ងៃ២៤ មីនា ៕

