ព័ត៌មានជាតិ

គម្រោងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ជិតរួចហើយ

ភ្នំពេញ ៖ ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ពីស្រែអំបិល-កោះកុង បានជិតរួចរាល់ហើយ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន ខណៈគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សម្រេចលទ្ធផល៩៣,២៨%ហើយ ។ នេះបើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ២៤ មីនា ។

លោកថា គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC , គូសគំនូសចរាចរណ៍បែកចែកទ្រូង , ដំឡើងបង្គោលគីឡូម៉ែត្រ , ដំឡើងផ្លាកសញ្ញាចរាចរណ៍ , ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន ។

បើតាមលោក ផន រឹម ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ជាមួយគ្នានេះ អ្នកនាំពាក្យក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ កំពុងមមាញឹកនេះ ៕

To Top