ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិន ប្រាកដប្រជារបស់ពិភពលោក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សម្ដេច ស ខេង បានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅបរទេស ដែលតែងតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គមថា សម្តេច ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ-ស្ដីគេនោះ។
អ្នកនាំពាក្យ គូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនេះ គឺជាឧបាយកល ទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បម្រើចេតនាព្រៃផ្សៃ ខ្មៅងងឹតសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូល ភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ។
អ្នកនាំពាក្យ រំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបញ្ជាក់ម្តងទៀតក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផ្កាយមាសប្រាំផុតលេខ» ថ្មីៗនេះ ថា «គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបានទេ ផ្ទុយទៅវិញគ្រប់ការ ប៉ុនប៉ងបំបែកបំបាក់តែងតែរលាយខ្លួនឯងទៅវិញ»។
អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា «សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ រួបរួមគ្នាដើម្បីកម្ពុជារុងរឿង ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិន ប្រាកដប្រជារបស់ពិភពលោក រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការពារសន្តិភាព និង រក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរព និងគាំទ្រឥតងាករេនូវរាល់សេចក្តីសម្រេចរបស់គណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា»។
សម្តេច តែងគោរពគោលការណ៍ដឹកនាំតាមឋានានុក្រម និងមានភក្តីភាព គ្រប់កាលៈទេសៈប្រកបដោយសេចក្តីកត្តញ្ញូចំពោះ សម្តេចតេជោ។ សម្តេចតេជោ តែងមាន ព្រហ្មវិហារធម៌ចំពោះ សម្តេច គឺគ្មានអ្វីអាចបំបែកស្មារតីចាស់ទុំរបស់លោកទាំងពីរបាន ជាដាច់ខាត ដូចពាក្យដំណាលថា «សម្តេចក្រឡាហោម ក្រោមការដឹកនាំរបស់សម្តេចតេជោ»។
ជាថ្មីម្តងទៀត អ្នកនាំពាក្យ សម្តេច ស ខេង ក៏បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ កុំជឿតាមសាររបស់ក្រុមភេរវករនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ៕
