ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្រុមស្ថាប័នសារព័ត៌មានក្នុងស្រុកទេ ដែលគួរសាកសមប្រកាសថា ជាស្ថាប័នព័ត៌មានឯករាជ្យ មិនមែនស្ថាប័នដែលទទួលបាន លុយទ្រទ្រង់ពីម្ចាស់ជំនួយបរទេស ហើយមកប្រកាសខ្លួនឯង ជាអ្នកព័ត៌មានឯករាជ្យនោះទេ ។
ការលើកឡើងរបស់លោក ប៉ែន បូណា នេះ បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបញ្ចប់ការផ្សាយ របស់ខ្លួនកាលពីចុងសប្តាហ៍មុន ដោយសាររដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបិទបញ្ចប់ការផ្តល់កញ្ចប់ថវិកាលែងឲ្យដំណើរការបន្តទៀត ។ នៅពេលទទួលដំណឹងពីការបិទបញ្ចប់ផ្តល់ថវិកា ក្រុមអ្នកព័ត៌មានរបស់វិទ្យុនេះ បានអះអាងថា ប្រជាពលរដ្ឋខ្មែរនឹងលែងបានដឹង លឺពីព័ត៌មានពិតពីក្នុងសង្គម ដោយពួកគេអួតអាងថា ព្រោះបាត់បង់សារព័ត៌មានឯករាជ្យគឺវិទ្យុអាស៊ីសេរីតែម្តង។
លោក ប៉ែន បូណា បានមានប្រសាសន៍ថា ស្ថាប័នសារព័ត៌មានដែលឯករាជ្យគឺជាស្ថាប័នដែលមិនទទួលជំនួយឧបត្ថម្ភពីភាគីណាមួយ តែបើទទួលប្រាក់ឧបត្ថម្ភពីគេហើយ ត្រូវតែផ្សព្វផ្សាយព័ត៌មានតម្រូវចិត្តរបស់ម្ចាស់ជំនួយ ដោយជៀសមិនផុតនោះទេ ។
លោកបន្តថា នៅពេលទទួលជំនួយពីបរទេសទាំងស្រុង ហើយមកអួតខ្លួនជាអ្នកព័ត៌មាន ឯករាជ្យមិនអាចទៅរួចនោះទេ ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “តាមពិតទៅបើនិយាយពីសារព័ត៌មានឯករាជ្យ គួរតែបងប្អូនយើងសារព័ត៌មានក្នុងស្រុក ដែលសមតែនឹងប្រកាសជាអ្នកសារព័ត៌មានឯករាជ្យ ពីព្រោះបងប្អូនយើងអត់មានទៅយកលុយពីណាគេទេ ។ បើកស្ថាប័នសារព័ត៌មានមួយដោយខ្លួនឯង ខិតខំរកពាណិជ្ជកម្ម ផលិតព័ត៌មានផង ដើម្បីរស់ដោយខ្លួនឯង។ នេះគឺឯករាជ្យ ហិរញ្ញវត្ថុ មិនយកលុយពីគេទេ” ។
បន្ថែមពីលើនេះទៀត លោកប៉ែន បូណា ក៏បានអះអាងទៀតថា ស្ថាប័នសារព័ត៌មានក្នុងស្រុក ក៏បានខិតខំពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឲ្យមានឯករាជ្យ ។ នេះគឺចំណុចគួរឲ្យកោតសរសើរ ប៉ុន្តែពួកគាត់មិនដែលប្រកាសខ្លួនឯងជាស្ថាប័នឯករាជ្យ ដូចសារព័ត៌មានបម្រើឲ្យនិន្នាការបរទេសនោះទេ ។ ចំពោះការចោទប្រកាន់ដល់ស្ថាប័នសារព័ត៌មាន ក្នុងស្រុកមិនហ៊ានផ្សព្វផ្សាយអ្វីជាការពិតនោះ ត្រូវលោក ប៉ែន បួណា វាយបកទៅវិញថា ជាការចោទប្រកាន់ទាំងបំពានគ្មានមូលដ្ឋាន ច្បាស់លាស់ទាល់តែសោះ ៕
