ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាល់ការលើកផ្លាកគណបក្សនយោបាយនៅទីស្នាក់ការរបស់ខ្លួន ឬលំនៅឋានឯកជន ឬទីតាំងឯកជន ត្រូវមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន ឬម្ចាស់ទីតាំងទាំងនោះ។
យោងតាមប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ ចេញផ្សាយដោយក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ត្រង់ប្រការ៨ បានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នា មិនអាចលើកផ្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ នៅក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយ នីមួយៗ អាចលើកផ្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយដាច់ដោយឡែករៀងៗខ្លួន។
ក្រសួង បន្ដថា « រាល់ការលើកផ្លាកគណបក្សនយោបាយនៅទីស្នាក់ការរបស់ខ្លួន ឬលំនៅឋានឯកជន ឬទីតាំងឯកជន ត្រូវមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន ឬម្ចាស់ទីតាំងទាំងនោះ។ ករណីនេះ សាមីគណបក្សនយោបាយ នីមួយៗគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅរដ្ឋបាលឃុំ សង្កាត់ អំពីការលើកផ្លាកគណបក្សនយោបាយ តែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរមូលដ្ឋានឡើយ»។
លើសពីនេះ ការលើកផ្លាកគណបក្សនយោបាយនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវសាធារណៈនានា ត្រូវ សុំការអនុញ្ញាតជាមុនពីអាជ្ញាធរមូលដ្ឋាន នៃទីតាំងដែលត្រូវលើកផ្លាកនោះ។
សូមបញ្ជាក់ថា ប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ មានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងការធ្វើសម្ព័ន្ធភាពជាមួយគ្នា ព្រមទាំងកំណត់អំពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាព គណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ៕
