ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ប្រកាសទទួលស្គាល់ខេត្តកណ្ដាល ជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)

កណ្ដាល៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសទទួលស្គាល់ខេត្តកណ្ដាល ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។

ជាកិច្ចចាប់ផ្ដើម លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍អំពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលមានការរីកចម្រើន ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តផងដែរ ពោលគឺ សេវាផ្គត់ផ្គង់ទឹកស្អាតសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ខ្នងផ្ទះ ក្នុងនោះ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ១០០% រួមមាន ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣% ដោយឡែក ចំនួនក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០%, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០%, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។

ជាមួយគ្នានោះផងដែរ លោក ឆាត់ សុភាព នាយកអង្គការវ័តធឺអេត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធឺអេត និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រខេត្តកណ្ដាលជាខេត្តគោលដៅអភិវឌ្ឍន៍ លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់នៅថ្ងៃនេះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកណ្ដាលសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតែបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។

លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីនូវយុទ្ធសាស្ដ្រទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ទី២៖ ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, ទី៣៖ ការអភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូ,ទី៤៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ , និង ទី៥៖ ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដោយមានចក្ខុវិស័យច្បាស់លាស់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោករដ្ឋមន្រ្ដី បានបញ្ជាក់ជូនថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ហើយគិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រា គ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%។

សូមរំលឹកជូនផងដែរថា៖ ខេត្តកណ្ដាល ត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)នេះ គឺជាខេត្តទី២ហើយ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

To Top