ព័ត៌មានជាតិ

លោក ពាញ ពូល មេឃុំសំព្រោជទទួលរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានយកគ្រឿងចក្រទៅកាយដីស្រែរបស់គាត់យកអាចម៍ដីលក់!

កំពង់ធំ៖ លោក ពាញ ពូល មេឃុំសំព្រោជនាពេលបច្ចុប្បន្ននេះកំពុងទទួលរងនូវការចោទប្រកាន់ពីសំណាក់លោក ម៉ន មុីន ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ.ដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ថា លោក ពាញ ពូល ក្នុងនាមជាមេឃុំបានយកគ្រឿងចក្រទៅលួចកាយដីស្រែរបស់គាត់យកអាចម៍ដីទៅលក់ឲ្យអ្នកដ៏ទៃហើយឆ្លើយថាជាការស្តារត្រពាំងសាធារណៈទៅវិញ។

លោក ម៉ន មុីន ដែលជាពលរដ្ឋរស់នៅក្នុងភូមិ.ឃុំ.ស្រុក.ខាងលើបានរៀបរាប់ឲ្យដឹងថា ដីស្រែរបស់គាត់គឺបានទិញជាយូរឆ្នាំណាស់មកហើយ ហើយលោកមេឃុំក៏បានចុះហត្ថលេខានឹងបានបោះត្រាទទួលស្គាល់ចំពោះការផ្ទេរកម្មសិទ្ធិ នោះដែរ ចុះតើហេតុអ្វីបានជាលោកមេឃុំហ៊ានយកគ្រឿងចក្រទៅកាយដីស្រែរបស់គាត់ ហើយឆ្លើយថា ជាការស្ដារត្រពាំងយកអាចម៍ដីធ្វើផ្លូវទៅវិញ។

លោកម៉ន មុីន បានបន្ថែមថា យ៉ាងដូច ម្ដេចដែលហៅថា ថ្លុកក្របី? មានទំហំប៉ុណ្ណា ហើយយ៉ាងដូចម្ដេចដែលហៅថា ត្រពាំងរួមនោះតើមានទំហំប៉ុណ្ណាដែរនៅក្នុងប្លង់ដីដែលកំណត់ដោយច្បាប់របស់រដ្ឋនោះ?។ តើលោកមេឃុំ ពាញពូល សំអាងលើហេតុផលអ្វី? បានជាហ៊ានបំពារបំពានមកលើពលរដ្ឋស្លូតត្រង់យ៉ាងដូច្នេះ ហើយបានឆ្លើយថា ជាសម្បត្តិរបស់រដ្ឋរួមទៅវិញ។

ទាក់ទងទៅនឹងការចោទប្រកាន់របស់  លោក ម៉ន មុីន ទៅលើលោក ពាញ ពូលដែលជាមេឃុំ សំព្រោជនោះ ក៏មានក្រុមប្រឹក្សាឃុំជាច្រើនរូបនិងពលរដ្ឋជាច្រើនគ្រួសារក៏បានចូលរួមនិងបានផ្ដល់ជាមតិយោបល់ដូចៗគ្នាថា ដីត្រពាំងនោះគឺជាដីត្រពាំងរបស់សាធារណៈហើយការដែលលោកមេឃុំបានស្ដារត្រពាំងនោះទៀតគឺដើម្បីទុក្ខជាសម្បត្តិរួមសម្រាប់ប្រើប្រាស់ទាំងអស់គ្នានោះទេ។ហើយចំពោះអាចម៍ដីវិញទៀតនោះ គឺដឹកយកទៅចាក់កសាងផ្លូវនោះដែរគឺទុកសម្រាប់ប្រើជាផលប្រយោជន៍រួមតែប៉ុណ្ណោះ។

លោកសៅ យ៉េត ប្រធានការិយាល័យសូរិយោដីស្រុកស្ទោង បានលើកឡើងថាចំណុចដីត្រពាំងដែលកំពុងតែមានទំនាស់នេះគឺត្រូវបានចុចនឹងកាត់ជ្វាលទុកជាសម្បត្តិរដ្ឋរួចអស់ហើយ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឆ្លើយយ៉ាងខ្លីប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ត្រពាំងនោះគឺជាដីរបស់រដ្ឋ៕

ដោយ៖ សំនៀង

To Top