ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេច ចង់ឃើញ យុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្ដាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ លោក វ៉ា សុធា ប្រធានប្រតិភូ នៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនេះជំនួប, លោក វ៉ា សុធា ប្រធានប្រតិភូ នៃស្ថានីយទូរទស្សន៍ថោន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី ២ សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦ សង្វៀន ក្នុងមួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាមបណ្តាប្រទេស មួយចំនួន។

លោក ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីផងដែរ ថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។

បន្ថែមលើនេះ, លោក វ៉ា សុធា ក៏បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នៅខេត្តសៀមរាបនាពេលខាងមុខនេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំងនឹងមានការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូ មកពីស្ថាប័នប្រដាល់សេរីពិភពលោក (WCK) និង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ ថោន (TOWN) ដែលបានសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី ៣ នៅខេត្តសៀមរាប ដែលនេះ គឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញ ការផ្សព្វផ្សាយ និងការលើកកម្ពស់ស្មារតីសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុងការកសាងមិត្តភាពផងដែរ។

ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ រួមមានការដាក់បញ្ចូលគុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ និងបានដាក់យុទ្ធគុន មួយចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជាគុនល្បុក្កតោ យុទ្ធក្រមខម និងគុនខ្មែរ ជាដើម។ សម្ដេច ក៏បានគូសបញ្ជាក់ថា សម្តេចចង់ឃើញ យុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្ដាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។

សម្ដេចបវធិបតី ក៏បានលើកទឹកចិត្តឱ្យស្ថានីយ៍ទូរទស្សន៍ថោន (TOWN) បន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិជាមួយនឹងស្ថាប័នប្រដាល់សេរីអន្តរជាតិនានា ឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបានជូនពរឱ្យការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់សម្ដេចតេជោសន្តិភាពលើកទី ៣ នៅខេត្តសៀមរាប ទទួលបានជោគជ័យ៕
