ព័ត៌មានជាតិ

សម្តេចធិបតី សម្តែងការពេញចិត្ត ចំពោះកិច្ចសហការដ៏ល្អ រវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧វៀតណាម

រូបភាព៖​ STPM Page

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ។

ការបង្ហាញការពេញចិត្ត របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាត ឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

តាមរយៈជំនួបខាងលេីនេះ លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានធ្វេីការរាយការណ៍ អំពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេសរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ព ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ក៏បាន គូសបញ្ជាក់ថា ដំណេីរ ទស្សនកិច្ច នាពេល នេះ ក៏ដេីម្បី ជូន ពរដល់អង្គភាព នៃកងយុទ្ធពល ខេមរភូមិន្ទ កម្ពុជា ក្នុ ងឱកាស បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ដែលនឹង ឈាន ចូល មកដល់ នាពេលខាង មុខនេះ។

ឆ្លើយតបនឹងការលេីកឡេីង របស់មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ត្រូវបានសម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃ មួយ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺន ដល់កងទ័ពកម្ពុជា នាពេលកន្លងមក។

បន្ថែមលេីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា៕

To Top