ព័ត៌មានជាតិ

ធនាគារពិភពលោក គាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

រូបភាព៖​ STPM Page

ភ្នំពេញ៖ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ បានគូសបញ្ជាក់ អំពីការបេ្ដជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព លោកស្រីនាយិកា បានគូសបញ្ជាក់ អំពីភាពជាដៃគូដ៏រឹងមាំ រវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រីនាយិកា ក៏បានលេីកឡេីង អំពីការអនុម័ត លេីឯកសារស្តីពី ≪ ក្របខណ្ឌភាពជាដៃគូ របស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩≫ និងបានគូសបញ្ជាក់ អំពីការបេ្ដជ្ញាចិត្ត របស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែក ក្នុងដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះសម្ដេចធិបតី បានគូសបញ្ជាក់ អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម សំដៅដល់ការជំរុញ កំណេីន និងការអភិវឌ្ឍ ដោយផ្តោត លេី វិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យឡូជីស្ទីក ក៏ដូចជាការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្ត ក្នុងការទាក់ទាញ នូវវិនិយោគទុនបន្ថែមមកកាន់កម្ពុជា ព្រមទាំងវិធានការគន្លឹះ ក្នុងការធានា នូវបវិយាកាសអំណោយផល ដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្កលក្ខណៈអំណោយផល ដល់វិស័យឯកជន ក្នុងការធ្វើសមាហរណកម្ម និងពង្រឹងភាពធន់របស់ខ្លួន។

សម្ដេចធិបតី និងលោកស្រីនាយិកា ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការកសាងមូលធនមនុស្ស នៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតី បានគូសបញ្ជាក់ អំពីការដាក់ចេញ នូវវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន , ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល ព្រមទាំង ការបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែមលៀនេះ លោកស្រីនាយិកា បានសម្ដែងនូវការគាំទ្រ ចំពោះការដាក់ចេញ នូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា នៅក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់ នៅក្នុងការជំរុញភាពជោគជ័យ នៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យលោកស្រីនាយិកា បន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

To Top