កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ បានធ្វើលិខិតជម្រាបជូន អភិបាលស្រុកកងមាស ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស បន្ទាប់ពីយកលុយ ៣៦០ដុល្លារពីប្រជាពលរដ្ឋ ដើម្បីកែតម្រូវសំបុត្រកំណើត

ការបញ្ចប់មុខតំណែងនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋ។
តាមរយៈលិខិតដដែល បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។
ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត បានធ្វើការណែនាំដល់លោកអភិបាលស្រុក កងមាស ដូចជា៖
១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។
២-រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕
