ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើក្រុមហ៊ុនសន្ដិសុខឯកជន សហគ្រាស គ្រឹះស្ថាន បន្ដចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនរបស់ខ្លួនមកទទួលការបំពាក់បំប៉នពីអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងនូវគុណភាព និងគុណប្រយោជន៍។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា គោលបំណង នៃការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាព ដល់ភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការចូលរួម ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

លោក ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ក្នុងការសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមគោលដៅរបស់ភ្នាក់ងារសន្តិសុខឯកជនឈរជើង។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារ ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ឯកឧត្តម សូមលើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ៕

To Top