ភ្នំពេញ៖ ក្រសួងកាបរទេសខ្មែរ បានបញ្ជាក់ថា ស្ថានទូតខ្មែរប្រចាំនៅថៃ និងមីយ៉ាន់ម៉ា មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ ។
បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃនេះថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា ក្រសួងការបរទេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ដោយទទួលបានព័ត៌មានបឋមពីស្ថានទូត មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ ដែលបណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ ។ ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូលព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព» ។
ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាន។ ក្នុងករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល សូមមេត្តាទាក់ទង៖
+ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖
-អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand.
-លេខទំនាក់ទំនង៖ Tel : (02) 957-5851-2
+ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖
-អាស័យដ្ឋាន៖ No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar
-លេខទំនាក់ទំនង៖ Tel : (951) 54 96 09, 54 09 64
