ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានជូនដំណឹងស្តីពី ការសម្រេចលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត រហូតមានការជូនដំណឹងជាថ្មីម្តងទៀត។
តាមរយៈសេចក្ដីជូនដំណឹង ដដែល បានឱ្យដឹងថា «ក្រសួង សូមជូនដំណឹងអំពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត»។
ទន្ទឹមនេះចំពោះកាលបរិច្ឆេទ និងពេលវេលានៃការរៀបចំឡើងវិញនូវពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងជូនដំណឹងនៅពេលក្រោយដោយភ្ជាប់មកជាមួយនឹងលិខិតអញ្ជើញផ្លូវការ៕
