ព័ត៌មានជាតិ

បច្ចុប្បន្នភាពការរញ្ជួយដីនៅថៃ ៖ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស ៩នាក់ និងអ្នកបាត់ខ្លួន ១០១នាក់ ខណៈអត្តសញ្ញាណជន​រងគ្រោះមិនទាន់ត្រូវបានបញ្ជាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថ្ងៃ បានឱ្យដឹងថា គិតត្រឹមម៉ោង ១២:៣០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។

យោងតាមសេចក្ដីជូនដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការរញ្ជួយដីនៅប្រទេសថៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្ដែងរបស់បងប្អូនពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ។

សាធារណជន និងបងប្អូនពលករខ្មែរនៅប្រទេសថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកក្រុមការងារ តាមរយៈក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬ QR code ដូចមានភា្ជប់ជូនខាងក្រោម ឬតាមរយៈទូរសព្ទលេខ៖

  • លេខ +៦៦ ៩២ ៨០៥០ ៥៦១
  • លេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨(លោក ឈឹម វិបុល)
  • លេខ +៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)
  • លេខ +៦៦ ៩២ ២៩៩ ០១៣៣(លោកស្រី ឡាយ ចន្ថា)៕
To Top