ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះបង្ហាញឱ្យដឹងថា ស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាន់តែល្អហើយនឹងត្រឡប់មកកម្ពុជា នៅថ្ងៃស្អែក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមក្នុងន័យដេីមទាំងស្រុងថា៖ “ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំងហ្គាពួនៅព្រឹកស្អែកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។(ទូកទៅកំពង់នៅ)បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាងព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែប ខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។

កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើត ក្មួយប្រសារទាំងប្រុសស្រី ស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពីឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្សនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមក រក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី០១ ខែមេសា ដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់ពីបញ្ចុះសពរួច នឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី០២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី០៣ ខែមេសា។ ល្ងាចថ្ងៃទី០៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយរវាងបងប្អូនទាំង៥នាក់ ដែលជាកូនរបស់គាត់។

បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។ គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១ ២០០ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤ ០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។ ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែកត្រូវចំណាយបន្ថែមដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា”៕





