ព័ត៌មានជាតិ

ក្រសួង​ធនធាន​ទឹក​ បញ្ជាក់​ថា​ នៅកម្ពុជាអាចនឹងលែងទទួលឥទ្ធិពលពីការរញ្ជួយដី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមចេញ​សេចក្តីជូនដំណឹងបន្ថែមស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថា​ បន្ទាប់ពីមានបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ នៅចំណុចកណ្ដាល ( Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។

ក្រសួង​ធនធាន​ទឹក​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា​ បើយោងតាមការវាស់វែង ដែលផ្តល់ដោយទីភ្នាក់ងារអង្កេតតាមដានភូគព្ភសាស្ត្រ របស់សហរដ្ឋអាម៉េរិក (USGS) ប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងការិយាល័យ អង្កេតរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ ហើយកម្រិតរញ្ជួយនេះអាចនឹងថយចុះជាបន្តបន្ទាប់ទៀត។

ក្រសួង​ធនធាន​ទឹក​សង្កត់​ធ្ងន់​ថា​ “ដោយឡែកនៅកម្ពុជាយើង អាចនឹងលែងទទួលឥទ្ធិពលពីការរញ្ជួយដោយសារ aftershock។ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់​”៕

To Top