ភ្នំពេញ៖ រហូតមកដល់វេលានេះ ចំនួនអ្នកស្លាប់នៅភូមារកឃើញកើនឡើងលើសពី ១០០០នាក់ ហើយត្រូវបានគេព្យាករណ៍ថាចំនួនអ្នកស្លាប់អាចដល់ ១ម៉ឺននាក់។ រីឯក្រុងបាងកកវិញ ចំនួនអ្នកស្លាប់មាន៩នាក់ហើយ ហើយប្រតិបត្តិការរុករកអ្នកជាប់ក្នុងអាគារបាក់រលំនៅចតុច័ក្រ នៅតែបន្តទៀតព្រោះគេបានរកឃើញសញ្ញាអ្នកមានជីវិតនៅក្នុងគំនរចំនួន១៥នាក់នាវេលាល្ងាចនេះ។

លោក ម៉ៅ វុត្ថា អ្នកតាមដានស្ថានការណ៍ជាតិ និងអន្តរជាតិ បានឡេីងតាមរយៈបណ្តាញសង្គមដោយបង្ហាញពីការស្រាវជ្រាវ និងការតាមដានរបស់ខ្លួនថា មូលហេតុដែលនាំឲ្យកើតគ្រោះរញ្ជួយដីនៅប្រទេសភូមា និងថៃកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបណ្តាផែនដីវិទូ និងអ្នកវិទ្យាសាស្រ្តដែនដីឯកភាពគ្នាថាបណ្តាលមកពីការកម្រើករបស់ខ្សែស្នាមប្រេះសាហ្កាំង (Sagaing Fault) នៅក្នុងទីក្រុងសាហ្កាំង ខេត្តម៉ាន់ដាឡេយ៍ ប្រទេសភូមា។
បណ្តាផែនដីវិទូនានាបានប្រៀបធៀបខ្សែស្នាមប្រេះសាហ្កាំងនេះទៅយក្សមួយ ដែលកំពុងដេកលង់លក់នៅតាមបណ្តោយប្រទេសភូមា ហើយការប្រែខ្លួន ឬបម្រាស់ខ្លួនរបស់យក្សនេះវានាំឲ្យរញ្ជួយដល់ឋានមនុស្ស ដែលនៅតំបន់នោះផ្ទាល់ក៏ដូចជាសាយភាយទៅដល់តំបន់ជិតខាងនោះផងដែរទៅតាមរង្វង់អង្កត់ផ្ចិតចន្លោះពី៣០០ទៅ៥០០គ.មទៅតាមកម្រិតរញ្ជួយដី។
ជាវគ្គបន្ត លោក ម៉ៅ វុត្ថា សូមប្រែសម្រួលជូន និងណែនាំឲ្យស្គាល់អំពី ខ្សែស្នាមប្រេះស្រទាប់ផែនដី និងស្នាមប្រេះសាហ្កាំងដូចតទៅៈខែ្សស្នាមប្រេះបំណាក់ស្រុតស្រទាប់ផែនដី (Fault) គឺអ្វី? ស្នាមប្រេះនៃស្រទាប់ផែនដី (Fault) គឺជាដំណើរប្រេះបែកកើតជាខ្សែស្នាមប្រេះដ៏វែងមួយរបស់មណ្ឌលថ្មនៃស្រទាប់ផែនដី។ មណ្ឌលថ្មនេះគឺជាស្រទាប់រឹងស្ថិតនៅខាងក្រៅគេបំផុត នៃសំបកផែនដីដែលមានកម្រាស់ចាប់ពី១០គ.មទៅដល់៧០គ.ម។
គួរបញ្ជាក់ផងដែរថាផែនដីរបស់យើងនេះចែកចេញជាបីផ្នែកសំខាន់ៗគឺ ទី១សំបកផែនដី ទី២ម៉ង់តូផែនដី និងទី៣ ស្នូលផែនដី (មេរៀនផែនដីវិទ្យាថ្នាក់ទី៨)។ នៅក្នុងភាសាបច្ចេកទេសផែនដីវិទ្យាគេហៅ ស្នាមប្រេះនៃស្រទាប់ផែនដី (Fault) នេះថាខ្សែស្នាមបំណាក់ស្រុត ហើយបែងចែកបានជាប្រភេទផ្សេងៗទៀតដូចជា Normal Fault, Reversed Fault & Strike-Slip Fault etc. ដែលលោកមិននិយាយលម្អិតអំពីស្នាមបំណាក់ស្រុកនីមួយៗនោះទេ (សូមនិយាយកាត់ឲ្យស្រួលស្តាប់ថាខ្សែស្នាមប្រេះ)។ ការកកិតគ្នា ឬប៉ះគ្នានៃផ្ទៃម្ខាងៗដែលនៅចន្លោះស្នាមប្រេះបំណាក់ស្រុតនោះគឺវានាំឲ្យមានការរញ្ជួយដី។
ខ្សែស្នាមប្រេះស្រទាប់ផែនដីសាហ្កាំង (Sagaing Fault)
ខ្សែស្នាមប្រេះសាហ្កាំងនេះលាតសន្ធឹងបណ្តោយប្រមាណជាង១,២០០គ.ម ពោលគឺពុះចំកណ្តាលភូមាដោយចាប់ផ្តើមពីភាគខាងជើងបំផុតមកត្បូងបំផុតនៃភូមាគឺឈូងសមុទ្រអាន់ដាម៉ាន់ ដោយឆ្លងកាត់តំបន់សំខាន់នៃភូមាដូចជាមីតយីណា (Myitkyina) ម៉ាន់ដាឡេយ៍ (Mandalay) តោងយី (Tounggyi) រដ្ឋធានីណៃពីដោរ (Naypyidaw) បាហ្កូ (Bago) និងក្រុងយ៉ាងហ្គូន (Yangon)។ សាហ្កាំងគឺជាទីក្រុងមួយស្ថិតក្នុងខេត្តម៉ាន់ដាឡេយ៍ ហើយក៏ជាអតីតរាជធានីរបស់នគរតូចមួយឈ្មោះថាអាណាចក្រសាហ្កាំង។ ពាក្យថាសាហ្កាំងនេះកម្លាយមកពីភាសាបាលីថា ជ័យបុរៈ មានន័យថាទីក្រុងប្រកបដោយជ័យជំនះ។ ភាសាឡាតាំងហៅថាសាហ្កាំង ប៉ុន្តែសម្រាប់ភូមា និងថៃគេហៅថាសាកាយ។
ខ្សែស្នាមប្រេះសាហ្កាំងនេះត្រូវបានគេចាត់ទុកថាខ្សែស្នាមប្រេះ Strike-Slip Fault ដែលនៅមានសកម្មភាពប៉ះទង្គិច និងកកិតខ្លាំងនៅឡើយនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ ដោយមានកម្រិតកម្លាំងប្រហាក់ប្រហែលនឹង San Andreas Fault នៅសហរដ្ឋអាម៉េរិក (ចង់ស្គាល់ សូមរកមើលកុន San Andreas របស់ The Rock Dwayne Johnson)។
ខ្សែស្នាមប្រេះសាហ្កាំងនេះគឺជាព្រំប្រទល់ខណ្ឌរវាងដែនដីឧបទ្វីបឥណ្ឌា (នៅខាងភូមាភាគខាងលិច) និងអតីតទ្វីបស៊ុនដាឡេន Sundaland ឬយូរ៉េស៊ី Eurasia (នៅខាងភូមាភាគខាងកើត)។ ស៊ុនដាឡេននេះគឺជាទ្វីបមួយបណ្តុំដោយដែលបណ្តាប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍ដីទឹកជាប់ជាមួយនឹងដីគោក។
នៅប្រមាណ ៤៤លានឆ្នាំមុននៅពេលដែលឧបទ្វីបឥណ្ឌារំកិលបុកបណ្តាលឲ្យស៊ុនដាឡេនត្រូវបានបែកចេញហើយបង្កើតបានជាជ្រលងសម្រុត និងព្រំប្រទល់ខ្សែស្នាមប្រេះសាហ្កាំងនេះឯង។
ផែននៃមណ្ឌលថ្មខាងឥណ្ឌា និងខាងស៊ុនដាឡេននេះបានរំកិល ឬមានចលនាក្នុងល្បឿនប្រមាណពី១៨ទៅ២០ម.មក្នុងមួយឆ្នាំ (លឿនជាងចលនារំកិលរបស់ផែនដី)។ ហើយនៅពេលដែលផែនទាំងពីរនោះរំកិលមកប៉ះគ្នាម្តងៗ តែងបង្កើតឲ្យមានរញ្ជួយផែនដី។
បើតាមកំណត់ត្រានានាស្តីពីរញ្ជួយដីដែលកើតពីឥទ្ធិពលខ្សែស្នាមប្រេះសាហ្កាំងនេះក្នុងរយៈពេលប្រមាណជាង៥០០ឆ្នាំចុងក្រោយនេះ មានរញ្ជួយដីក្នុងកម្រិតលើសពី៧រីចទ័រប្រមាណជាង៧០ដង ហើយដែលខ្លាំងបំផុតកម្រិត ៨.០រីចទ័រនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១២ នៅម៉ាន់ដាឡេយ៍ ហើយក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ រញ្ជួយដីឆ្នាំ២០២៥នេះគឺខ្លាំង និងធ្ងន់ធ្ងរជាងគេបំផុត។
នៅក្នុងតំបន់ឥណ្ឌូចិនយើងនេះ មានខ្សែស្នាមប្រេះដែលជាកត្តាអាចនាំឲ្យកើតរញ្ជួយដីចំនួន ៥៥កន្លែង ហើយនៅកម្ពុជាមិនមានវត្តមានខ្សែស្នាមប្រេះ (fault) នោះទេ៕
