កំពង់ចាម៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

គម្រោងស្ថាបនានេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសង ខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ១ឆ្នាំ។

ចំពោះសំណង់ដែលត្រូវស្ថាបនាខាងលើនោះ ជាប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាព។

គួររំលឹកផងដែរថា នៅចំណុចស្ទឹងឆ្វេងនោះ នៅពេលទឹកជំនន់ម្ដងៗ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ រីឯសិស្សានុសិស្ស ត្រូវឆ្លងទូកដើម្បីមកសិក្សារៀនសូត្រ ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទើបអាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំឲ្យមានការស្ថាបនាស្ពាននោះឡើង ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នោះ ៕
