ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ៣,០០០គ្រួសារ ក្នុងឃុំចំនួន៣ នៃស្រុកកងមាស បានទទួលប្រព័ន្ធធារាសាស្ត្រ ជាសមិទ្ធផលថ្មី សម្រាប់បង្ករបង្កើនផលដំណាំកសិកម្ម

កំពង់ចាម៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ។

រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិចតាទៀត។

លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ សូមចងក្រងជាសហគមន៍ កសិករប្រើប្រាស់ទឹក ធ្វើយ៉ាងណាមានកម្មវិធីដាំដុះឲ្យបានច្បាស់លាស់ ចែករំលែកគ្នាប្រើប្រាស់ ឱ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់ឃុំព្រែកក្របៅ ដែលអាចស្រោចស្រពដំណាំទាំងរដូវប្រាំង និងរដូវវស្សាបានប្រមាណជាង ៤០០ហិកតា ។ ដូច្នេះសូមបងប្អូនប្រជាកសិករយើង ខិតខំប្រឹងប្រែងក្នុងការដាំដុះ បង្ករបង្កើនផលប្រកបដោយសមធម៌ ទទួលបានផលប្រយោជន៍ស្មើៗគ្នា ដើម្បីជាការចូលរួមលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាកសិករយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋាភិបាលបានប្រគល់ជូននាពេលនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យបងប្អូនប្រជាកសិករយើង ខិតខំប្រឹងប្រែង ឈានឆ្ពោះទៅរំដោះខ្លួនពីភាពក្រីក្រ ពិសេសចំពោះអ្នកដែលមានជីវភាពធូរធារហើយ ត្រូវប្រឹងប្រែងបន្តទៀត ខិតខំបង្ករបង្កើនផល និងបង្កើនមុខរបរផ្សេងៗ ដើម្បីឲ្យខ្លួនកាន់តែមានជីវភាពធូរធារបន្តទៅមុខទៀត ៕

To Top