ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីការបញ្ជូនមន្ត្រីកម្ពុជា ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៣០ ខែមីនា នេះបានឱ្យដឹងថាមន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួម ក្នុងបេសកកម្មខាងលើ នឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះ មហន្តរាយនេះ។
ការចូលរួមរបស់ពួកគេ ក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដោយឈរលើស្មារតីសាមគ្គីភាព ជាមួយប្រជាជនមីយ៉ាន់ម៉ា ក្នុងពេលវេលាដ៏លំបាកនេះ។
គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៦០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា “ការឆ្លើយតបបន្ទាន់របស់កម្ពុជា ក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌នេះ បានបង្ហាញ ពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ានក្នុងពេលមានគ្រោះមហន្តរាយ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នៅប្រទេសមីយ៉ាន់ម៉ា”៕
