ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើង តាមបែបវិទ្យាសាស្ត្រ និងអាចទទួល យកបានឡើយ ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី ១២០ ក្នុងចំណោមប្រទេសលើសកលលោក។

ក្រសួង ចាត់ទុកថា «ការចាត់ចំណាត់ថ្នាក់នេះ មិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយក បាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ»។

ការណ៍ដែលក្រសួង ចាត់ទុកការចាត់ចំណាក់កម្ពុជា ដល់ជាង១០០មិនត្រឹមត្រូវនេះ ដោយក្រសួងអះអាងថា World Population Review 2025 ក៏វាយតម្លៃលើការអប់រំ លើប្រទេសមួយចំនួនមិនត្រឹមត្រូវដែរ ។ ដោយក្នុងនោះ ក្រសួងបញ្ជាក់ថា ជាក់ស្តែងការវាយតម្លៃ ទៅប្រទេសទីម័រខាងកើតថា មានលក្ខណៈល្អប្រសើរ ច្រើនជាងម៉ាឡេស៊ី ខណៈទីម័រខាងកើតកំពុងប្រឈមនឹង បញ្ហាជាច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ។ ក្នុងនោះ World Population Review 2025 ក៏បានឲ្យឡាវ ល្អជាងថៃដែរ ក្នុងគ្រាឡាវ មិនទាន់បានចូលរួម ក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថៃ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ ។ ដូច្នេះឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងកម្ពុជា និងថៃ នៅឡើយទេ ទាំងការអប់រំ ចំណេះទូទៅ និងឧត្តមសិក្សា។

ជាមួយគ្នានេះដែរ ក្រសួងក៏បានលើកឡើងពីលក្ខណៈប្រសើរលើវិស័យអប់រំទៀតថា សម្រាប់អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា បង្ហាញថា កម្ពុជាមានអត្រាអក្ខរកម្ម ៨៤% នៅឆ្នាំ ២០២២។ ចំពោះសមត្ថភាព របស់សិស្ស ក្នុងការទទួលបានជំនាញជាមូលដ្ឋានដូចជា ការអាន ការសរសេរ និងលេខនព្វន្ត បានកើនឡើងនៅគ្រប់កម្រិត។ ជាក់ស្តែង បន្ទាប់ពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ ២០១៤ មានបេក្ខជនប្រឡងជាប់២៥,៧២% ប៉ុន្តែដោយសារសិស្សនៅគ្រប់កម្រិតបានខិតខំប្រឹងប្រែងរៀនសូត្រ និងលទ្ធផលនៃការប្រឡង បានល្អប្រសើរជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់បានកើនដល់ ៧៩% ។

ដូច្នេះជារួម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេច បានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ប៉ុន្តែទោះយ៉ាងណា ក្រសួងក៏ទទួលស្គាល់ដែរថា ក៏មានបញ្ហា ប្រឈម នៅតែមានដែលទាមទារ ឲ្យភាគីពាក់ព័ន្ធ គ្រប់រូបធ្វើការរួមគ្នា ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់កម្ពុជាបន្ថែមទៀត ៕

To Top