ព័ត៌មានជាតិ

រដ្ឋមន្ដ្រីព័ត៌មាន ស្នើឱ្យជំរុញការផ្សព្វផ្សាយ បញ្ជ្រាបខ្លឹមសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យខ្មែរ

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។

យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មន្ត្រីរាជការ កម្មករ និយោជិត និងសាធារណជន បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះ ការចូលមកដល់នៃឆ្នាំថ្មី និងបានធ្វើដំណើរទៅតាមបណ្តារាជធានី ខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត បងប្អូន និងទៅ កាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើដំណើរ កម្សាន្ត នៅតាមរមណីយដ្ឋាននានា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមស្នើ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ទាំងអស់ ជួយជំរុញឱ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និងផ្សព្វផ្សាយឱ្យបានផុសផុលនូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបំផុសស្មារតីឱ្យប្រជាពលរដ្ឋយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួននិងណែនាំដល់ក្រុម គ្រួសារ មិត្តភក្តិ ឱ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកានិង ពេលវេលា បំផ្លាញអនាគត កិត្តិយស សេចក្តីថ្លៃថ្នូរ និងសង្គមជាតិ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top