ព័ត៌មានជាតិ

ផ្លូវថ្មើរជើងមាត់ទន្លេ សម្រាប់សប្តាហ៍ទី៤ មានការសម្តែងរបាំប្រពៃណី និងល្ខោនយីកេ បង្ហាញជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ

ភ្នំពេញ៖លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) និងថ្ងៃអាទិត្យទី៣០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា និងយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរ។

សូមរំលឹកថា កាលពីសប្តាហ៍ទី៣ ក្រោមការរៀបចំរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលមានស្តង់លក់អាហារ​ របស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ស្តង់ ដែលបានធ្វើឱ្យផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានកំណើនមនុស្ស ទៅដើរលេងកំសាន្តនិងទស្សនារាប់ម៉ឺននាក់ខុសប្លែកពីសប្តាហ៍មុនៗ។

ជាមួយគ្នានេះ តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឃើញថា ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារ ក៏មានការផ្លាស់ប្តូផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

To Top