ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ ចន្ទ បានលេីកឡេីងថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានគុណភាពខ្ពស់ ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
លោក បានបញ្ជាក់ថា ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំទីដប់ហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យ អត្តសញ្ញាណ ដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ហើយ គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ តាមការកំណត់នៃច្បាប់ ដើម្បីឱ្យបញ្ជីបោះឆ្នោតធានាបាន នូវភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ក្នុងឃុំ សង្កាត់ ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំគិតដល់ថ្ងៃផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត (ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៥) គឺសម្រាប់អ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ និងប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់។
ការស្រង់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ន នូវសិទ្ធិបោះឆ្នោត ឬត្រូវបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។ ការកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ចំពោះអ្នកចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោតពីមុនមក។
គួរឱ្យដឹងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចាំបាច់ត្រូវធ្វើរួមគ្នា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដោយកំណត់អនុវត្តចាប់ពីឆ្នាំ២០២៥ នេះតទៅ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ និងការបោះឆ្នោតនៅឆ្នាំបន្តបន្ទាប់ទៀត។
លោក ប្រាជ្ញ ចន្ទ បានបន្តទៀតថា ដើម្បីឱ្យដំណើរការនេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ និងទាន់ពេលវេលា គ.ជ.ប បានផលិតលិខិតអញ្ជើញអ្នកបោះឆ្នោត ចំនួន ៩.៩៩២.៤២១សន្លឹក ស្មើនឹងចំនួនប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ដំណើ រ ការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២ ៤ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ចែកជូនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
លោក ប្រាជ្ញ ចន្ទ ក៏បានគូសបញ្ជាក់ថា អំពីនីតិវិធីនៃការចុះឈ្មោះអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអ្នកសារព័ត៌មានជាតិ ចាប់ផ្ដើមពីថ្ងៃទី១ខែមេសា រហូ ត ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លេីយតបនឹងចំណួរ របស់ភាគីដែលចូលរួម ក្នុងកិច្ចប្រជុំនោះ ទាក់ទិនអំពីការធ្វើបច្ចុប្បន្នភាពជីវមាត្រ ដោយបានលើកឡើងថា ប្រសិនបើអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត គាត់មិនបានទៅធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់គាត់ ក្នុងឆ្នាំ២០២៥ នេះទេ តើមានផលប៉ះពាល់អ្វីខ្លះ? ហើយឈ្មោះរបស់គាត់ត្រូវបានលុបចេញ ពីបញ្ជីបោះឆ្នោតឬទេ? លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ជីវមាត្រ(Biometric)គឺការដៅសម្គាល់នូវអត្តសញ្ញាណរបស់មនុស្ស ដែលមានផ្ទៃមុខ ប្រស្រីភ្នែក ស្នាមម្រាមដៃ សំឡេង។ល។ ទិន្នន័យ ជីវមាត្រក្នុងបញ្ជីបោះឆ្នោត គឺយកមុខ (រូបថត) និងស្នាមម្រាមដៃ។ ចំពោះបញ្ជីបោះឆ្នោតតាំងពីឆ្នាំ២០១៦ មកទល់ពេលនេះ មានអាយុកាល ១០ឆ្នាំ ហើយអ្នកដែលបានចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៦ មានជាងប្រាំមួយលាននាក់។ ជាធម្មជាតិក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្ស តែងតែមានភាពប្រែប្រួលមួយចំនួន ដូចជាមុខ និងស្នាមម្រាមដៃជាដើម ដែលនាំឱ្យប្រែប្រួល ឬខុសទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោតបានចុះឈ្មោះកន្លងទៅ កាលពី ១០ឆ្នាំមុន (ក្នុងឆ្នាំ២០១៦)។
លោក បានបន្តថា គ.ជ.ប ចង់ឱ្យបញ្ជីបោះឆ្នោតនៅតែមានគុណភាពល្អរហូត ទើបចាប់ពីឆ្នាំ២០២៥ នេះទៅ និងឆ្នាំបន្តបន្ទាប់ទៀត គ.ជ.ប ត្រូវធ្វើទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត។ ចំពោះអ្នកដែលមិនបានមកធ្វើជីវមាត្រនេះ ឈ្មោះរបស់គាត់ក្នុងបញ្ជីបោះឆ្នោតមិនបាត់ទេ។ ប៉ុន្តែគាត់ត្រូវទៅធ្វើទិន្នន័យជីវមាត្រនៅឆ្នាំបន្ទាប់ទៀត ដើម្បីឱ្យបញ្ជីបោះឆ្នោតមានបច្ចុប្បន្នភាព។ នៅឆ្នាំ២០២៦ ការធ្វើទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតក៏នឹងត្រូវធ្វើបន្តទៀត ហើយបញ្ជីបោះឆ្នោតនោះសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ ឆ្នាំ២០២៧។
លោក បានបញ្ជាក់បន្ថែមទៀតថា គ.ជ.ប ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីសម្របសម្រួលឱ្យអ្នកទៅធ្វើទិន្នន័យជីវមាត្រ បានថតរូប និងផ្តិតស្នាមម្រាមដៃឡើងវិញ។
ដើម្បីធានាឱ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រព្រឹ ត្តទៅដោយរលូន និងជោគជ័យ លោក ប្រាជ្ញ ចន្ទ តាងនាម គ.ជ.ប បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការតាមតួនាទី ផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តប្រជា-ពលរដ្ឋទាំងអស់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ (គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧) ហើយនិងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលទៅឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ក្នុងករណីពិនិត្យឃើញថា កត់ត្រាមិនបានត្រឹមត្រូវ ក្នុងបញ្ជីបោះឆ្នោត ដូចជា ករណីប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត និងពិសេសចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោត ពីឆ្នាំ២០១៦ សូមទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោត។
លោក ក៏បានអំពាវនាវផងដែរ ដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែ ន រដ្ឋាភិបាល សូមបន្តចូលរួមសហការ និងដាក់ភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសង្កេតការណ៍បោះឆ្នោត ដើម្បីធានាឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន តម្លាភាព និងជោគជ័យ និងសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការថែរក្សា និងការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម ដោយអនុវត្តស្របតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្តីណែនាំផ្សេងៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងនឹងទទួលបានជោគជ័យ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ៕









