ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)និងផ្លូវបេតុង សរុបជាង៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ ជានិមិត្តរូប នៅខេត្តកំពង់ធំ

កំពង់ធំ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គ.ម. ជានិមិត្តរូបនៅខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានសាងសង់ ជានិមិត្តរូបនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ បានប្រារព្ធឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានធ្វើសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈអធិបតី និងអង្គពិធីទាំងមូល។

បន្ទាប់មក លោក នួន ដាញិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា (RID4CAM) បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានជម្រាបជូនថា កម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ ១២៥លានដុល្លារអាមេរិក) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង ដើម្បីស្ថាបនាផ្លូវ DBST និងបេតុង សរុបប្រវែង ៥២៦,៦៦០គ.ម. ព្រមទាំងសំណង់សិល្បការ្យមួយចំនួន និងប្រព័ន្ធចែកចាយទឹកតាមបណ្តាញទុយោ សម្រាប់សហគមន៍ចំនួន ២កន្លែង នឹងត្រូវបានសាងសង់ឡើងវិញ នៅក្នុងខេត្តគោលដៅ ចំនួន៧ រួមមាន ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រៃវែង។

ជាមួយគ្នានោះផងដែរ លោក Stefan MESSERRER ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំម្ពុជា, លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក៏បានថ្លែងនូវចំណាប់អារណ៍ ដោយបានបង្ហាញនូវការកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានប្តេជ្ញាគាំទ្រ និងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត។

ក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានធ្វើរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា សម្រាប់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ ដោយផ្តោតទៅលើចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដែលមានគោលដៅចំនួន ៥ គឺ ១).ប្រជាជនមានជីវភាពរស់នៅសមរម្យ ២).ប្រជាជនមានសុខភាពមាំមួន ៣).ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ ៤.មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥).មានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣.ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ ៤.ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ៥.ការគ្រប់គ្រងស្ថាប័ន អភិបាលកិច្ច និងសេវាគាំទ្រទូទៅ។

លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ក្រសួងបាននឹងកំពុងស្ថានាខ្សែផ្លូវជនបទប្រវែងជាង ៥ម៉ឺនគ.ម គីឡូម៉ត្រ ឬប្រមាណ៧៤% នៃបណ្តញខ្សែផ្លូវទូទាំងប្រទេស ដែលក្នុងនោះផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើប្រាស់បានគ្រប់រដូវកាលមានប្រមាណ ១៥%ប៉ុណ្ណោះ។ ដូច្នេះតាមរយៈការទទួលបាន នូវផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ព្រមទាំងសំណង់សិល្បការ្យ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់បានគ្រប់រដូវកាល ប្រវែង ៥២៦,៦៦គ.ម. របស់កម្មវិធី RID4CAM នេះ ពិតជាមានសារសំខាន់ ជាសារវន្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាសសៃឈាមសេដ្ឋកិច្ច និងសង្គមដ៏មានសក្តានុពល ក្នុងការធ្វើសមាហរណកម្មរវាងជនបទនិងទីក្រុង ការកាត់បន្ថយនូវការចំណាយលើថ្លៃដឹកជញ្ជូន ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការកាត់បន្ថយការចំណាយជួសជុលយានយន្ត និងមានផាសុកភាព ក្នុងការធ្វើដំណើរ។

ថ្លែងក្នុងពិធីបើកការដ្ឋាន លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ពិធីសម្ពោធបើកការដ្ឋាននាថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាល កំពុងបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពប្រកបដោយឆន្ទៈម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនល្បឿន នៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំបន្តគាំទ្រ ឱ្យមានកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា ជំហានទី២ “RID4CAM Phase II” បន្តទៀត៕

To Top