ភ្នំពេញ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាការអង្គការសហគម និងវិស័យឯកជននៅកម្ពុជា បានគូសបញ្ជាក់ថា អ្នកដឹកនាំវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុជាតិ និងប្រជាជន ទន្ទឹមនឹងអ្នកដឹកនាំវ័យក្មេងមានភាពស្វាហាប់ និងក្លាហាន អ្នកដឹកនាំវ័យក្មេងក៏មានចំណុចខ្វះខាតជាច្រើនផងដែរ ដែលទាមទារឱ្យសិក្សាស្វែងយល់ឱ្យបានច្រើន ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង គណៈកម្មការនិវិយោគិនថ្នាក់កណ្តាលសមាគម ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថានៅក្នុងដំណើរការ នៃការរីកលូតលាស់អ្នកដឹកនាំវ័យក្មេង គួរតែបញ្ចេញនូវគុណសម្បត្តិ និងកែតម្រូវគុណវិបត្តិរបស់ខ្លួន ។
ជាការកត់សម្គាល់របស់លោកបណ្ឌិត ឡី សុភាព សម្រាប់អ្នកដឹកនាំវ័យក្មេង តែងមានចិត្តអន្ទះសារចង់បានជោគជ័យលឿនពេក។ ក្នុងន័យនេះ អ្នកដឹកនាំវ័យក្មេងជាច្រើនបានឡើងកាន់ តំណែងជាអ្នកដឹកនាំ ហើយមានចិត្តចង់ផ្លាស់ប្តូរ ស្ថានភាពយ៉ាងខ្លាំងក្លា។ អារម្មណ៍ពុះកញ្ជ្រោលក្នុងការងារប្រភេទនេះ និងគោលបំណងដែលចង់ទទួលបាន ការទទួលស្គាល់ពីសង្គមគឺជាការល្អ ប៉ុន្តែប្រសិនបើ អន្ទះសារចង់ជោគជ័យ ហើយធ្វើអ្វីលឿនពេក នៅពេលដែលមិនដឹងពីស្ថានភាពច្បាស់លាស់ ហើយមិនអាចវិភាគឱ្យច្បាស់ទេនោះ វាងាយនឹងខុសពីស្តង់ដារវិទ្យាសាស្ត្រ និងប្រាសចាកពីសភាពពិតប្រាកដ។
បន្ថែមលើនេះ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានផ្តល់ជាទស្សនទាន ដល់អ្នកដឹកនាំវ័យក្មេង នៅពេលដោះស្រាយបញ្ហាកុំប្រញាប់ប្រញាល់ ក្នុងន័យនេះ ការអន្ទះសារចង់បានជោគជ័យពេក គឺបង្កប់នូវហានិភ័យដែលធ្វើឱ្យបរាជ័យ។

លោកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍ថា “ខ្ញុំសម្គាល់ថាអ្នកដឹកនាំវ័យក្មេង មិនត្រឹមតែចាប់អារម្មណ៍លើការកសាងស្នាដៃនៅក្នុង “ការផ្លាស់ប្តូរគុណភាពឡើយ គឺគួរតែផ្តោតលើ “ការផ្លាស់ប្តូរបរិមាណ” ។ ខ្ញុំសូមកោតសរសើរចំពោះស្មារតី “សន្សឹមៗ កុំបំបោល” និងស្មារតីលះបង់ដោយស្ងាត់ៗ ខ្ញុំលើកទឹកចិត្តអ្នកដឹកនាំ ឱ្យខិតខំប្រឹងប្រែង និងផ្តោតលើការងាររយៈពេលវែង ដែលគ្រួសត្រាយផ្លូវសម្រាប់អ្នកដទៃ”។
ក្នុងឱកាសនោះលោកបណ្ឌិត ឡី សុភាព បានធ្វើការណែនាំ ឱ្យអ្នកដឹកនាំវ័យក្មេង យកចិត្តទុកដាក់ជាពិសេសចំពោះ១៣ ចំណុច ដែលមានខ្លឹមសារគោលៗដូចជា៖ ១. អន្ទះសារចង់បានជោគជ័យពេក, ២. គិតថាខ្លួនត្រូវទាំងអស់, ៣.ផ្លាស់ប្តូរគោលនយោបាយ ឬផែនការម្តងព្រឹកម្តងល្ងាច, ៤. មានកំណិតតែអត់កំណើត, ៥. ផលប្រយោជន៍ ឬមាស់ប្រាក់, ៦.ពាលាអាវាសែ ឬស្រីញី, ៧. ផ្តច់ការ ឬភាពឆេវឆាវ, ៨. បក្សពួក, ៩.ល្បែង, ១០. កុំប្រព្រឹត្តិអំពើដែលមិនមែនជាវិជ្ជាជីវៈ, ១១. កុំធ្វើឱ្យអន្តរាយដល់ការងារដែលអ្នកត្រូវបំពេញ, ១២. កុំប្រកាន់ជំហរដាច់ខាត និងចំណុចទី១៣ កុំរុះស្ពានដែលអ្នកកំពុងដើរឆ្លងជាដើម៕













