ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសង្ឃឹមថា វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) នឹងពង្រីកវិសាលភាពការងារនៅប្រទេសកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ហៅកាត់ថា (AFPPD) នៅវិមានរដ្ឋសភា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្តេច ឃួន សុដារី បានថ្លែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ AFPPD បានធ្វើការយ៉ាងសកម្ម និងបានរួមវិភាគទានដ៏មានតម្លៃដល់ការងារប្រជាជន និងការអភិវឌ្ឍ តាមរយៈការផ្តល់ឱកាសឱ្យសមាជិកសភាពីក្នុងតំបន់អាស៊ី បានជួបជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ជាពិសេស បញ្ហាសុខភាព យេនឌ័រ ការលើកកម្ពស់ស្រ្តី និងក្មេងស្រី បញ្ហាយុវជន និងបញ្ហាមនុស្សចាស់ជរា ជាដើម។ បន្ថែមពីនេះ AFPPD ក៏តែងបានគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា តាំងពីនីតិកាលមុនៗ រហូតដល់បច្ចុប្បន្ន។
សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា វត្តមានរបស់ AFPPD នៅកម្ពុជា នឹងអាចជួយពង្រឹង និងពង្រីកវិសាលភាព ឥទ្ធិពលការងាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់មេគង្គ ដោយអាចប្រើប្រាស់ជាមជ្ឈមណ្ឌលមួយនៃកិច្ចសហប្រតិបត្តិការការងារ និងការតភ្ជាប់ បណ្តាញសម្រាប់តំបន់។ វេទិកានេះ នឹងដើរតួនាទីដ៏មានសារៈសំខាន់មួយ សម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ទស្សនៈ ការកសាងឆន្ទៈនយោបាយ ការពង្រឹងសមត្ថភាព និងការជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកសាងអនាគតកាន់តែប្រសើរ សម្រាប់តំបន់អាស៊ី។
សម្តេច បន្ដថា «ខ្ញុំយល់ច្បាស់ថា តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់ បណ្តាញ ការចែករំលែកចំណេះដឹង ជំនាញ និងការកសាងសមត្ថភាព យើងនឹងអាចលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់មនុស្សជាតិ ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាមិនខាន»។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានសន្យាថា AFPPD នឹងផ្តល់ការសហការគាំទ្រចំពោះសភាកម្ពុជាក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ។ ជាក់ស្តែងនៅខែឧសភាខាងមុខនេះ នឹងមានវេទិកាទាក់ទងនឹងមនុស្សចាស់ ដែលប្រារព្ធធ្វើនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ បានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាង AFPPD និងសភាកម្ពុជា ដែលមានគណៈកម្មការទី៨ជាសេនាធិការនោះដែរ៕


