ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនា ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានបើកកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនា ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។
កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច របស់ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង និងនីតិវិធីបន្ដបន្ទាប់ ដើម្បីអាចអនុវត្តគម្រោងនេះបានក្នុងពេលឆាប់ៗខាងមុខ។
បន្ថែមពីនេះ លោក ឈួន វិន បានរំលេចអំពីអត្ថប្រយោជន៍ក្នុងការស្ថាបនាគម្រោង ក្នុងការពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។ ការសិក្សា និងស្ថាបនាគម្រោងខាងលើនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ៕
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពាន «មិត្តភាពកម្ពុជា-កូរ៉េ» តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្តាល នៅចំណុចអរិយក្សត្រចំណាយថវិកាប្រមាណជា ២៣៥លានដុល្លារ គ្រោងបើកការដ្ឋានសាងសង់អំឡុងខែ មិថុនា ឆ្នាំ២០២៥ ខាងមុខ ។ គម្រោងសាងសង់នេះ នឹងប្រើពេលវេលា៦០ខែ ៕
