ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ AZAMARA ONWARD សញ្ជាតិ MALIA មាននាវិកសរុបចំនួន ៣៨៨ នាក់ (ស្រី ៦២ នាក់) មាន៣៧ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៦១៦ នាក់ (ស្រី ៣១៣ នាក់) មាន២២សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១ មេសា នេះ ក្នុងគោលបំណងបំពេញទស្សនាកម្ពុជា រយៈពេល១ថ្ងៃ ។
នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ទទឹង ២៨,៣០ ម៉ែត្រ បានចេញដំណើរមកពីប្រទេសវៀតណាម។ សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន២១៤នាក់ , អង់គ្លេសចំនួន១២៩នាក់ និងអូស្រ្តាលីចំនួន១៤៦នាក់ ។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង៥ ថ្ងៃដដែល ៕





