កំពង់ធំ៖ នាល្ងាចថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១០លានរៀលជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងបានត្រលប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។

លោក ហេង សួរ បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពលករខ្មែរ បន្ទាប់ពីទទួលដំណឹងថា មានឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

នៅពេលនេះ ពលការិនី សឿន សំណាង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ គឺទទួលបានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ទន្ទឹមនេះក៏មានការសម្របសម្រួលយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ មន្ត្រីបេឡាជាតិសន្តិសុខសង្គម និងអាជ្ញាធរមូលដ្ឋាន ផងដែរ។

លោករដ្ឋមន្ត្រី បានជូនពរ ពលការិនី សឿន សំណាង ទទួលបានការព្យាបាលឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួន៕

