ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានចេញបទបញ្ជា ឲ្យអង្គភាពជំនាញពិនិត្យ និងវាយតម្លៃរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន ដើម្បីដាក់ទណ្ឌកម្មឲ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមភូមិន្ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិនារាត្រីថ្ងៃ១ មេសា។
ការបញ្ជារបស់ប្រមុខការពារជាតិនាពេលនេះ ដោយសារកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យលើភរិយាខ្លួន ក្នុងនាមជាយោធិន ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕
