ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើ ជនត្រូវចោទចំនួន៣នាក់ដែលបានធ្វើសកម្មភាពប្លន់រថយន្តស៊េរីទំនើបមួយគ្រឿង នៅលើផ្លូវល្បឿនលឿនកាលពីថ្ងៃ២៩ មីនា ។
បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ៣០ មីនា សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌករណីប្លន់រថយន្តដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿននៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ២ នាក់គឺ ១. ឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ និង ២. ឈ្មោះ អ៊ុ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។
ដោយឡែក ជនត្រូវចោទឈ្មោះ អ៊ុ លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកំពុងគេចខ្លួន, ចៅក្រមស៊ើបសួរកំពុងអនុវត្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

