ភ្នំពេញ ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានស្នើឲ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន ក្រោយពីលោក ដូណាល់ ត្រាំដំឡើងពន្ធលើផលិតផលកម្ពុជា៤៩% កាលពីថ្ងៃ៣ មេសា ។
ការប្រកាសដំឡើងពន្ធគយលើការនាំចេញទៅអាមេរិកនេះ មិនមែនសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះទេ បានធ្វើឡើងទៅលើប្រទេសប្រមាណជា៦០នៅលើពិភពលោក ។ ការដំឡើងពន្ធបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ប្រទេសដែលជាគោលដៅនៃការដំឡើងពន្ធនេះ ដោយថ្នាក់ដឹកនាំប្រទេសនីមួយបានចេញប្រតិកម្មជាបន្តបន្ទាប់ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវាយនភណ្ឌ នាថ្ងៃ៣ មេសា បានឲ្យដឹងថា វិធានការនេះបង្កឲ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករនិយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះពាល់លើការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីសមាគមក៏បានស្នើសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន ព្រោះការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិកត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ។ ដោយសមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីដោះស្រាយបញ្ហាតាមដែលអាចធ្វើទៅបាន។
សេចក្តីប្រកាសបន្តថា ក្នុងកម្រិតដែលបានប្រកាសដំឡើងអត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឲ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ។ ជាក់ស្តែង ចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) ខណៈកម្ពុជា៤៩% , វៀតណាម៤៦% និងមីយ៉ាន់ម៉ា៤៥% ។
សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សានិង ចរចាគ្នា។ សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យបានកាន់តែខ្ពស់បន្ថែមទៀត។ ក្នុងនោះសមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម៕
