ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ព នៅអង្គភាពកងពលធំ អន្តរាគមន៍លេខ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ បន្តចុះចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកងពលធំអន្តរាគមន៍លេខ៣ ។

ថ្លែងក្នុងពិធីសំណេះសំណាល លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី, លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកស្រី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងកងពលធំអន្តរាគមន៍លេខ៣ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី។

លោក នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ បន្តយកចិត្តទុកដាក់ ក្នុងកិច្ចការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់រាល់បទបញ្ជា និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបានក្រើនរំលឹកអំពីការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សាការសម្ងាត់យោធា និងសេចក្តីថ្លៃថ្នូររបស់កងទ័ព ។

លោក បានលើកទឹកចិត្ត ឲ្យកងពលធំអន្តរាគមន៍លេខ៣ បន្តរួមសហការឲ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាង ដោយរាល់បញ្ហាកើតឡើង នៅតាមព្រំដែន គឺមានយន្តការក្នុងការជជែកគ្នា ដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនថ្នាក់ជាតិ។

ក្នុងឱកាសចុះជួបសំណេះសំណាល និងការសួរសុខទុក្ខនេះ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានពាំនាំអំណោយ របស់ សម្តេចបធិបតី និង លោកជំទាវបណ្ឌិត ជូនកងពលធំអន្តរាគមន៍លេខ៣ និងបណ្តាអង្គភាពចំណុះមានដូចជា គ្រឿងទេស, ភេសជ្ជៈ, ស្បៀងក្រៀម និងថវិកា មួយចំនួនផងដែរ៕

To Top