ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ វិវាទដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយគណៈកម្មការវត្តនិរោធរង្សី តាំងពីឆ្នាំ២០០៣ដល់២០២៥ ដោះមិនទាន់ចប់

ភ្នំពេញ៖ ករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន៥គ្រួសារ ជាមួយគណៈកម្មការវត្តនិរោធរង្សី បានអូសបន្លាយតាំងពីឆ្នាំ២០០៣រហូតដល់២០២៥ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។

ប្រវត្តិរឿង៖

កាលពីឆ្នាំ២០០៣ មានករណីវិវាទដីធ្លីទំហំ៥១៧ម៉ែត្រការ៉េ រវាងប្រជាពលរដ្ឋចំនួន ០៥គ្រួសារ ជាមួយគណៈកម្មការវត្តនិរោធរង្សី ក្រោយមកនៅឆ្នាំ២០១៣ ក៏មានការចុះពិនិត្យ និងដោះស្រាយ ពីគណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ជាលទ្ធផល បានសម្រេចប្រគល់ដី មានវិវាទជូណគណកម្មការវត្តនិរោធរង្សី ដើម្បីគ្រប់គ្រងជាទ្រព្យគរុភ័ណ្ឌ នៃព្រះពុទ្ធសាសនាតទៅ។

រហូតដល់ឆ្នាំ២០១៤ ក្រុមប្រជាជនកើតទុកមិនសុខចិត្ត បានប្តឹងទៅ ឯកឧត្តម ជា សុផារ៉ា ដើម្បីជំទាស់ និងសេចក្ដីសម្រេចលេខ៣៨ សសរ.គស.ភព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ គណកម្មការសុរិយោដីរាជធានីភ្នំពេញ ក្រោយមកខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង បានចាត់ក្រុមការងារជំនាញចុះមកធ្វើការស្រាវជ្រាវ និងអង្កេតជាក់ស្ដែង ជាលទ្ធផលបានសម្រេច ឯកភាពតម្កល់សេចក្ដីសម្រេចលេខ៣៨ សសរ.គស.ភព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ របស់គណកម្មការសុរិយោដី រាជធានីភ្នំពេញ ទុកជាបានការទាំងមូល។

ដោយមិនសុខចិត្តនៅឆ្នាំ២០១៦ គ្រួសារលោកស្រី ខៀវ ថាវិន ព្យាយាមប្តឹងជំទាស់គ្រប់ជាន់ថ្នាក់ និងបានដាក់សំណើសុំអន្តរាគមន៍ជូនខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់ សម្តេចតេជោ បានចាត់ឱ្យក្រសួងធម្មការនិងសាសនា ធ្វើរបាយការណ៍ជូនសម្តេច ជាលទ្ធផលចំណាររបស់សម្តេច ឱ្យរក្សាសេចក្តីសម្រេចមានស្រាប់ និងបានចេញលិខិតលេខ៣៨០ ស ជ ណ.ផក ពីទីស្តីការគណរដ្ឋមន្ត្រី។

ក្រោយមកនៅឆ្នាំ២០១៦ ដដែលឈ្មោះ ខៀវ ថាវិន បានបន្តប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបដិសេធសេចក្ដីសម្រេច របស់គណកម្មការសុរិយោដី ថ្នាក់ជាតិលេខ០០៦/១៦ គសជ/សសរ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ និងទទួលស្គាល់ខ្លួន ជាកម្មសិទ្ធិករនៃទំហំដី៥១៧ ម៉ែត្រការ៉េ ហើយសំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ បានជូនករណីនេះ ទៅលោកចៅក្រម កើត សាំង (ចៅក្រមទី០១) បន្ទាប់មកដើមចោទបានប្ដឹង ដិតចិត្តលើចៅក្រមជាច្រើនរូប ៖
 ចៅក្រមទី១ លោក កើត សាំង
 ចៅក្រមទី២ លោក សឿង ចរិយា
 ចៅក្រមទី៣ លោកស្រី យី សុខវួច រហូតមកដល់បច្ចុប្បន្នសំណុំរឿង បានប្តូរមកលោកចៅក្រម អ៊ុក រ៉េតគន្ធា ដោយសារតែការប្ដឹងដិតចិត្ត លើចៅក្រមនេះ ហើយទើបធ្វើឱ្យសំណុំរឿង នេះមិនទាន់អាចបញ្ចាប់បាន។

ក្នុងនោះផងដែល ព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សី បានដាក់សំណើរ សុំអន្តរាគមន៍ជូនក្រសួងយុត្តិធម៍ ចំនួន០២ មកហើយ រហូតមកដល់ចុងឆ្នាំ២០២៤ ទើបក្រសួងយុត្តិធម៍ បានចាត់ឱ្យសាលាដំបូងរាជធានីភ្នំពេញសើរើសំណុំរឿងខាងលើ ឡើងវិញ។

ចំពោះមេធាវីការពារក្ដី ឱ្យដើមចោទឈ្មោះ សាន់ ជួយ (សមាជិកមេធាវីរាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ) ត្រូវជាកូនប្រសាររបស់ដើមចោទឈ្មោះ ខៀវ ថាវិន តែម្ដង៕

To Top