ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយវិស័យកសិកម្ម ក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញ សម្រាប់កសិករ ការលើកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ឌិត ទីណា នាឱកាសអញ្ជើញជាអធិបតីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ ស៊ីជម្រៅស្គាល់ពីចំនុចខ្លាំង និងចំនុចខ្សោយ នៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កើនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ ការលើកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន «មានហូប មានបាន មានប្រើ និងមានរហូត»។
លោករដ្ឋមន្រ្តី មានការរំពឹងខ្ពស់ពីការចូលរួមជាប្រព័ន្ធជីវភាពតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន អភិវឌ្ឍន៍គ្រប់អនុវិស័យ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះឡើងឱ្យចេញជារូបរាង និងត្រៀមកម្មវិធីធំនៅពេលខាងមុខ សំដៅបង្កើនការវិនិយោគ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម៕
