សំដៅចំពោះទង្វើអនុត្តរភាព របស់ភាគីអាមេរិក ដែលដំឡើង”ពន្ធគយស្មើគ្នា”ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ភាគីចិនបានចេញផ្សាយ 《គោលជំហររបស់រដ្ឋាភិបាលចិន ស្តីពីការប្រឆាំង នឹងការប្រើប្រាស់វិធានការ ពន្ធគយយ៉ាងអនាធិបតេយ្យ របស់សហរដ្ឋអាមេរិក》កាលពីថ្ងៃទី៥ខែមេសា ។ ឯកសារ ដែលមានអក្សរជាង ១ពាន់បានលើកឡើងថា ភាគីអាមេរិកចាត់ទុក ពន្ធគយ ជាអាវុធសម្រាប់ដាក់សម្ពាធកម្រិតខ្ពស់បំផុត និងស្វែងរកផល ប្រយោជន៍ ផ្ទាល់ខ្លួន គឺជាទង្វើប្រកប ដោយឯកតោភាគីនិយម ការពារនិយមនិងអនុត្តរភាព ខាងសេដ្ឋកិច្ចដ៏សុទ្ធសាធ ហើយគូសបញ្ជាក់ថា ចិនមិនចង់ បង្ករឿងហេតុ តែក៏មិនខ្លាចរឿងអ្វីដែរ អនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្ម និង កិច្ចសម្រួលពាណិជ្ជកម្ម និងការបណ្តាក់ទុនកម្រិតខ្ពស់ ដើម្បីចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍ ជាមួយពិភពលោក ក៏ដូចជាសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
ឆ្លងតាមរយៈឯកសារច្បាប់នេះ អ្នកផងទាំងពួងបានឃើញយ៉ាងច្បាស់លាស់នូវអកប្បកិរិយារបស់ភាគីចិនដែលប្រឆាំងនឹងអនុត្តរភាព និងប្រកាន់ខ្ជាប់សមភាពនិងសច្ចភាព ។

ខណៈបានត្អូញត្អែរថា ពិភពលោកទាំងមូលបានកេង ចំណេញលើខ្លួនឯង ភាគីអាមេរិកបានមួលបង្កាច់ការពិតមួយដោយចេតនា ពោលគឺ សហរដ្ឋអាមេរិក ទើបជាអ្នកទទួលបានផលប្រយោជន៍ ដ៏ធំបំផុតពីប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោក បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ សូមយកកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកជាឧទាហរណ៍ ចាប់ពីបង្កើត ទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៧៩មក សហរដ្ឋអាមេរិកទទួលបានផល ប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ តាមទិន្នន័យនៃនាយកដ្ឋានវិភាគ សេដ្ឋកិច្ចរបស់អាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៣ ការនាំចេញសេវាកម្មអាមេរិក ចំពោះប្រទេសចិនមានតម្លៃ៤ ម៉ឺន៦ពាន់៧២០លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មសេវាកម្មចំពោះចិនគឺ២ម៉ឺន៦ពាន់៥៧០លានដុល្លារអាមេរិក ។
យ៉ាងណាមិញ ភាគីអាមេរិក ទទួលបានចំណេញហើយ តែនៅតែអះអាងថាខ្លួនខាតបង់យ៉ាងច្រើន ដែលតែងតែគំរាមកំហែង និងឆបោកប្រទេសដទៃ តាមរយៈពន្ធគយ ប៉ុនប៉ងព្យាយាមលះបង់ផលប្រយោជន៍ពិភពលោក ដើម្បីបម្រើអនុត្តរភាពអាមេរិក ។ “ទង្វើរបស់អាមេរិកគឺជាកំហុសចេញពីឭសគល់មួយ ដែលមានភាពលំអៀងនិងគ្មានមនោសញ្ចេតនា”“បំផ្លាញប្រព័ន្ធពាណិជ្ជកម្មសកល” “នឹងបង្កការវាយប្រហារដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទូទាំងពិភពលោក”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ សហភាព អឺរ៉ុប បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន អូស្ត្រាលី សិង្ហបុរី អាហ្វ្រិកខាងត្បូងនិងកាណាដា ជាដើមបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះការដំឡើងពន្ធគយ របស់អាមេរិកជាបន្តបន្ទាប់ ។ ឯកសារជាគោលជំហររបស់ភាគីចិនបានបង្ហាញយ៉ាងច្បាស់លាស់ថា កិច្ចការលើផ្ទៃអន្តរជាតិ គួរត្រូវបានដោះស្រាយ ដោយមនុស្សគ្រប់គ្នា តាមរយៈការពិគ្រោះពិភាក្សា ហើយអនាគតនិងជោគវាសនា របស់ពិភពលោក គួរត្រូវបានក្តាប់ជាប់រួមគ្នា ដោយប្រទេសទាំងអស់” ។ នេះបានឆ្លុះបញ្ចាំងពីបំណងរួមនៃសហគមន៍អន្តរជាតិ និងបង្ហាញពីគោលជំហរដ៏ជាប់លាប់ របស់ភាគីចិន ដែលនិយាយសម្តីយុត្តិធម៌ និងធ្វើរឿងយុត្តិធម៌ជាប់រហូតមក ។
ប្រវត្តិសាស្ត្របានវិវឌ្ឍទៅមុខជាលំដាប់ ។ តើអ្នកណាជាអ្នកបំផ្លាញក្បួនច្បាប់អន្តរជាតិ អ្នកណាជាអ្នកគាំពារ ក្បួនច្បាប់អន្តរជាតិ? តើអ្នកណាធ្វើរឿងអាក្រក់ អ្នកណាធ្វើរឿង សច្ចធម៌? តើអ្នកណាកំពុងដើរបញ្ច្រាស នឹងនិន្នាការប្រវត្តិសាស្ត្រ អ្នកណាឈរនៅប៉ែកត្រឹមត្រូវ នៃប្រវតិ្តសាស្ត្រ? ចម្លើយគឺច្បាស់លាស់ណាស់ ។ ពិភពលោកត្រូវការ យុត្តិធម៌ មិនត្រូវការអនុត្តរភាពឡើយ ។ នេះជាការបង្ហាញយ៉ាងច្បាស់លាស់របស់ចិន ហើយក៏ជាសំឡេងរួម របស់សហគមន៍អន្តរជាតិផងដែរ ៕
