ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន រៀបចំវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី”

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” បានឱ្យដឹងថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) បានរៀបចំវេទិកាពិភាក្សា ស្តីពីទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបថថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនកិត្តិយសជាច្រើន ជាមួយនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ២០០នាក់ នៅអាគារMorgan កោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក សយ សុភាព ប្រធានសសកច បានសម្តែងនូវមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ជូនចំពោះវាគ្មិនកិត្តិយសទាំងអស់ និងអ្នកចូលរួម ជាមួយនឹងស្នាមញញឹម ប្រកបដោយសហភាតរៈ និងស្នីទស្នាល។

លោក សយ សុភាព បានវាយតម្លៃខ្ពស់ ចំពោះវាគ្មិន ដែលបានផ្តល់នូវទស្សនទានល្អៗច្រើន សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ឱ្យកាន់យល់ដឹងស៊ីជម្រៅបន្ថែមទៀត។ ក្នុងនាមជាប្រធានសមាគម លោក សយ សុភាព បានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យមានទំនាក់ទំនង​ រវាងប្រទេសដើម្បីប្រទេសទាំង២ អនុវត្តតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជាចិន ដែលបានដាក់ចេញ។ ក្នុងនោះលោកក៏ផ្តោតលើការប្រយុទ្ធប្រឆាំង ចំពោះព័ត៌មានក្លែងក្លាយ ព្រោះព័ត៌មានក្លែងក្លាយ ប្រៀបដូចគ្រាប់បរិមាណូទំលាក់មកលើផ្ទៃ។

លោកក៏បានអំពាវនាវ ឱ្យមានការហោះហើរត្រង់ពីចិនមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

លោក លីវ ស៊ាងគ័ង អនុប្រធាន ស ស ក ចបានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទេសចរណ៍រវាងកម្ពុជា-ចិននោះក៏ស្របពេលលោក ស៊ី ជីពីង ប្រធានាធិបតីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវនៅកម្ពុជា​ នៅថ្ងៃ១៧-១៨ មេសាខាងមុខ គឺដើម្បីរឹតចំណងមិត្តភាព ជាមួយគ្នាបន្ថែមទៀត ក្នុងទំនាក់ទំនងជាប្រវត្តិសាស្រ្ត។ ចំពោះវិនិយោគចិននៅកម្ពុជា ដែលបានដាក់ទុនវិនិយោគមានចំនួន២,៦ពាន់លានដុល្លារ។ ចំពោះការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍វិញ បានពាំនាំទេសចរណ៍ចិនមកកម្ពុជា កាន់តែច្រើនឡើងមកទស្សនាកម្ពុជា។ អនុវត្តតាមអនុសាសន៍ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានខ្មែរ លោក នេត្រ ភក្ត្រា ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោក លីវ ស៊ាងគ័ង ក្នុងនាមជាអនុប្រធាន ស ស ក ច បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់ភាពអព្យាក្រឹត្យ និងត្រឹមត្រូវ។

ក្នុងនោះលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន បានឈានទៅដល់កម្រិតកំពូលដែលមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍប្រទេស ហើយកម្ពុជាក៏មិនអាចខ្វះខាតពីដៃគូចិនបានទេ ព្រោះចិនបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយជាពិសេសក៏ជាស្នូលសំខាន់រវាងគ្នានឹងគ្នា។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសជាជាតិទាំង២គឺកម្ពុជា-ចិនដែលជាសហគមន៍វាសនារួមគ្នាតែមួយ បានឆ្លងកាត់ជាមួយគ្នាជាច្រើនដំណាក់កាលទាំងនយោបាយ ពាណិជ្ជកម្ម តាំងពីអតីតកាលរហូតមកបច្ចុប្បន្ន។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងពីវប្បធម៌និងប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិនប្រមាណជាជាង២ពាន់ឆ្នាំមុនអំពីទំនាក់ទំនងជាមួយដែលរហូតមកដល់ ។ ដោយសារតែទំនាក់ទំនងល្អសព្វថ្ងៃវត្តមានជនជាតិចិននៅកម្ពុជាមានចំនួនច្រើន ។ ជាមួយគ្នានេះ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីពីនប្រធានាធិបតីចិនមកកាន់ម៉ាឡេស៊ី វៀតណាម និងកម្ពុជាគឺជាកំលាំងចិត្តមួយរបស់កម្ពុជានិងប្រទេសទាំង២ក្នុងភាពមានលំនឹងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម។ ដំណើរទស្សនកិច្ចនេះក៏ស្របពេលចូលឆ្នាំដែលលោកប្រធានាធិបតីចិនមកអបអរសាទរនិងជូនពរកម្ពុជា ម៉ាឡេស៊ីនិងវៀតណាម។

សម្រាប់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ដែរថា តួលេខពាណិជ្ជកម្មកម្ពុជា-ចិនកើនឡើងជាបន្តបន្ទាប់ និងបន្តរីកចម្រើនទំហំផ្នែកពាណិជ្ជកម្មបន្ថែមទៀតក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នានាពេលកន្លងមក ។ តាមរយៈការចុះកិច្ចព្រមព្រៀងនេះជាសក្ខីភាពមួយបន្តរីកចម្រើនទៅថ្ងៃអនាគត ។ លោកសង្ឃឹមថា មានការរីកចម្រើនជាលំដាប់រួមគ្នាទាំងសងខាងផ្នែកពាណិជ្ជកម្មព្រោះទីផ្សារចិនមានទំហំធំសម្រាប់កម្ពុជាក្នុងការនាំចេញ។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍ មានការរីកចម្រើនជាលំដាប់ ហើយចិនក៏ជាទីផ្សារធំបំផុតរបស់កម្ពុជាក៏ដូចជាពិភពលោកដែរ ។ ដោយសារទីផ្សារគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២នេះហើយ បានធ្វើឲ្យទេសចរណ៍ចិនមានកំណើននៅកម្ពុជា មុនពេលកូវិដ។ លោកស្រី ថា ដែលនេះសបញ្ជាក់ពីកំណើនមួយគួរឲ្យកត់សំគាល់ដែលចេញពីការស្និទ្ធស្នាល រវាងប្រទេសទាំង២។ ប៉ុន្តែពេលកូវីដចូលមកដល់ទេសចរណ៍ចិនក៏ធ្លាក់ចុះវិញ ប៉ុន្តែទោះបីជាយ៉ាងណា នៅឆ្នាំ២០២៥នេះ សង្ឃឹមថា ទេសចរណ៍ចិនកើនឡើងជាង១លាននាក់ នៅកម្ពុជា ជាមួយនឹងកំណើនអ្នកធុរកិច្ចផងដែរ ។

លោក ហើស សិរីធន ទីប្រឹក្សាក្រសួងការបរទេស​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ដែរថា មហាយក្សចិនកំពុងខិតខំលើកប្រទេស ដើម្បីឲ្យកាន់តែក្លាយជាប្រទេសមហាអំណាច លើមហាអំណាចផុតលេខលើលោក ក្នុងសតវត្សរ៍ទី២១ ដោយសារកក្តាសេដ្ឋកិច្ច យោធា វិទ្យាសាស្រ្តបច្ចេកទេស វិសាលភាពទឹកដីជាមួយវិទ្យាសាស្រ្ត អំណាចនៃអណិកជនចិន នៅក្រៅប្រទេសដែលមានប្រហែល៧៥លាននាក់។ ក្នុងនោះសេដ្ឋកិច្ចចិន អាចដណ្តើមបានពីអាមេរិក ហើយផ្នែកយោធាក៏ខ្លាំងដែរ ។

វេទិកាពិភាក្សា ត្រូវបានបិទបញ្ចប់ជាមួយនឹងពិធីទទួលទានអាហារសាមគ្គី ដោយក្តីបិតិសោមនស្សរីករាយនិងស្និទស្នាលបំផុត៕

To Top