ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ពិធីបើកវគ្គបណ្តុះបណ្តាលអំពី «ជំនាញសម្រាប់បង្កើនផលិតភាពសហគ្រាស» ដែលបានរៀបចំឡើងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។
តាមរយៈគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។


