ពោធិ៍សាត់ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិ នៃខ្សែផ្លូវជាតិលេខ១០ ដោយនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម ក្នុងការដឹកជញ្ជូន។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦នាទីព្រឹក ដល់ម៉ោង ១៨នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីសាវតានៃការសិក្សាគម្រោងស្ថាបនាខ្សែផ្លូវជាតិលេខ១០ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់ សម្តេចតេជោ ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី និងប្រទេសកម្ពុជាទាំងមូលឱ្យមានភាពប្រទាក់ក្រឡា។
ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ និងប្រកបដោយថាមវន្តរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ និងសំណង់សិល្បការ្យនានា បានសម្រេចវឌ្ឍនភាពស្ទើរតែរួចរាល់ទាំងស្រុង។

កិច្ចការនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានបន្តយកចិត្តទុកដាក់គ្រប់គ្រងការអនុវត្តគម្រោងមួយនេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃខ្សែផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ។ លើសពីការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេស ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ អ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
