សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅទីតាំងឡឥដ្ឋមួយ ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក ឃុំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត, តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, ម្ចាស់សិប្បកម្មផលិតឥដ្ឋ, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារ សរុបប្រមាណជាង៣០០នាក់។

លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ដែលក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមឡើង និងកំពុងសម្របសម្រួល រៀបចំឡើងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងវិស័យកសិឧស្សាហកម្ម ជូនដល់មហាជន អាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសភ្នាក់ងារនគរបាល អាជ្ញាធរថ្នាក់ស្រុក ឃុំ និងគណៈកម្មការអភិវឌ្ឍភូមិ និយោជក និងសហគមន៍ដែលជាបណ្តាញដ៏សំខាន់អាចផ្តល់ព័ត៌មានជាសាធារណៈ។

លោកស្រី ស៊ើង សរសុចិត្តា បន្ថែមថា ពិធីបើកយុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ និងហាមឃាត់ការរំលោភបំពានគ្រប់រូបភាពលើកុមារ។

លោកស្រីរដ្ឋលេខាធិការគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងយន្តការប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម និង ភូមិសាស្ត្រដែលមានហានិភ័យគ្រោះថ្នាក់ការងារខ្ពស់ បង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ស្នូល និងដាក់ចេញវិធានការអធិការកិច្ចការងារដល់និយោជក និងអាណាព្យាបាលដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុត និងទម្រង់ការងារដែលមានលក្ខណៈជាទាសភាពបំណុល ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម ក៏ដូចជាពង្រីកវិធានការផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។

ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង លោកស្រីរដ្ឋលេខាធិការ បានជំរុញឱ្យបន្តកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការរាយការណ៍រហ័ស (Hotline និង Online) និងការចូលរួមត្រីភាគីបូក ដើម្បីជំរុញយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ។ ទន្ទឹមនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ពលកម្មកុមារ និងទប់ស្កាត់គ្រប់ស្ថានភាពនៃការរំលោភបំពានលើកុមារ ជាពិសេសនៅតាមមូលដ្ឋានដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម៕



