ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (XI JINPING) នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផែនការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ស៊ី ជីនពីង (XI JINPING) ប្រធានាធិបតីចិន នៅកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានឯកភាពទាំងស្រុងចំពោះផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដែលបានរៀបចំ និងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនេះ។

នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា «គ្រប់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសកម្ពុជា ដោយសហការគ្នាឲ្យបានល្អ និងទទួលខុសត្រូវខ្ពស់គ្រប់ពេលតាំងពីចំណុចចាប់ផ្ដើម រហូតដល់បញ្ចប់ទស្សនកិច្ច»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកម្លាំងទាំងអស់ត្រូវរក្សាកាយវិការទន់ភ្លន់ ចំពោះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវក្បួនឆ្លងកាត់ តែត្រូវម៉ឺងម៉ាត់នូវអ្វីដែលភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបេសកកម្មដ៏ធំនេះ។ លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានសុំនូវការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។


នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ នៅពេលក្បួនឆ្លងកាត់រួចរាល់ ត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលអាចកកស្ទះដោយប្រការណាមួយបណ្ដាលមកពីការបិទផ្លូវចរាចរណ៍បណ្ដោះអាសន្ននេះផងដែរ៕
