ព័ត៌មានជាតិ

និវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ និវាសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)រៀបចំកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ក្នុងខែមេសា ឆ្នាំ២០២៥ នៅការិយល័យនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលស្ថិតនៅអាគារវឌ្ឍនៈ កាពីតាលជាន់ទី១០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Milan Thomas សេដ្ឋកិច្ចវិទូប្រចាំប្រទេសកម្ពុជា និងលោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃនិវាសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីធនាគារអភិវឌ្ឍន៍អាស៊ី។


នេះបើយោងតាមរបាយការណ៍ សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្មីៗនេះបាននិយាយថា កម្ពុជាត្រូវបានរំពឹងថានឹងរក្សា បាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុក លើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។


របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ ប៉ាន់ប្រមាណថា ផលិត ផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១ភាគរយក្នុងឆ្នាំ ២០២៥ និង ៦,២ភាគរយក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើន ឡើង ៦,០ភាគរយក្នុងឆ្នាំ ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដ ប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យ អចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។


ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលអាមេរិក កាលពី ថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។


នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ ថាទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពី សក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្ត ក៏ដោយ ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។


ផលិតផលឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,៣ ភាគរយក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំ មុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា ៤,៤ភាគរយបើទោះបីជាសកម្មភាពនៃវិស័យ អចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើង ក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែល កំពុងបន្តកើនឡើង។


របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លឹះដើម្បីជំរុញ កំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។ កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ ថ្នាក់របស់ខ្លួន នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations” e-Government Development Index) របស់អង្គការសហប្រជាជាតិ ពីលេខ ១៥៥ ក្នុងឆ្នាំ ២០១២ មកលេខ ១២០ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញនិង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អតសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធើណេតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធើណេត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។ ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច។


ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយ នវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយ សមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

To Top