ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំខេត្តភាគឦសានទាំង៤ យកចិត្តទុកដាក់លើសន្តិសុខ ពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែទៅខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំខេត្តទាំង៤ នៅភាគឦសាន ត្រូវគិតគូរឱ្យច្បាស់តំបន់ណា ត្រូវធ្វើតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ទេសចរណ៍។

សម្តេចបវរធិបតី មានប្រសាសន៍ថា «សូមខេត្តទាំងបួនយកចិត្តទុកដាក់រឿង សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវធ្វើម៉េចទប់ស្ដាប់នូវសកម្មភាពទាំងឡាយដែលបង្ក អសន្ដិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា។ កិច្ចការងារនេះ ត្រូវប្រយ័ត្ន ហើយខេត្តយើងទាំងបួន តាំងពី ១៩៩៩ មក យើងអភិវឌ្ឍប៉ុណ្ណឹងអត់មានពឹងលើបទល្មើសបច្ចេកវិទ្យាទេ ចឹងយើងរស់បន្ដទៀត»។

លើសពីនេះ សម្តេចបវរធិបតី ក៏បានណែនាំខេត្តភាគឦសានទាំង ៤នេះ ត្រូវធ្វើយ៉ាង ត្រូវជំរុញការវិនិយោគពិត ទៅលើវិស័យពិត គឺមិនពាក់ព័ន្ធជាមួយនឹងការខុសច្បាប់ ហើយក៏មិនពាក់ព័ន្ធជាមួយបញ្ហាសន្ដិសុខ។ សម្ដេច ថា បើសិនជាពឹងផ្អែកទៅលើវត្តមាននៃការឆបោក តាមបច្ចេកវិទ្យា នេះថា «ការចញ្ចឹមទីផ្សារ កុំឱ្យសោះ» ខេត្តនីមួយៗ ធ្លាប់រស់ហើយតាមបែបទេសចរណ៍ តាមបែបធម្មជាតិ គឺត្រូវបន្ដធ្វើជាបន្ដទៀត។

ជាមួយគ្នានេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តការវិនិយោគនៅខេត្តទាំង៤ នៅភូមិភាគឦសាន ជាការវិនិយោគពិត ទៅលើវិស័យពិត ហើយមិនពាក់ព័ន្ធការអនុវត្តខុសច្បាប់ និងគោរពតាមអធិបតេយ្យភាពរបស់កម្ពុជា។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជា ការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន ប្រជាជនខ្មែរ៕

To Top