ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលមានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ហៅកាត់ ក.វ.ឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) មិនមែនជាយន្តការទៅជំនួស យន្តការថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែជាយន្តការ ទៅជួយបង្កើនបន្ថែម និងជួយសម្រួលការជំរុញលើកទឹកចិត្ត ។
ការបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងលើកពីបទពិសោធន៍ ពីការរុញលើកដំបូង នៅខេត្តព្រះសីហនុ ចំពោះការដោះស្រាយបញ្ហាសំណង់អាគារជាប់គាំង សម្តេចធិបតី បានកត់សម្គាល់ឃើញថា មានបញ្ហា មិនស៊ីសង្វាក់គ្នា រវាងគណៈកម្មាធិកាកណ្តាល និងថ្នាក់ក្រោមជាតិ ។ ក្នុងនោះ សម្តេចធិបតី រំលឹកថែមថា គណៈកម្មាធិការ ត្រូវបានប្រគល់សិទ្ធិ ឱ្យដោះនិងសម្រេច នៅនឹងកន្លែងតែម្តង ដើម្បីបង្ខិតសេវានៅមូលដ្ឋាន ធ្វើបែបនេះបានផ្តល់ភាពងាយស្រួល សម្រាប់ខេត្តទាំង៤ដែលឆ្ងាយ មិនចាំបាច់ត្រូវបំពេញបែបបទ តាមក្រសួងស្ថាប័ននីមួយៗ នៅរាជធានីភ្នំពេញ ដែលអាចបង្កការស្មុគស្មាញ និងខាតបង់ពេលវេលា ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានស្នើសុំឱ្យធានាបាននូវសង្គតិភាព បើសិនមានការសម្រេចអ្វីហើយ គឺត្រូវអនុវត្តពីលើដល់ក្រោម និងសូមឱ្យស្ថាប័ននីមួយៗ ដែលមានសមាភាពក្នុងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន គឺត្រូវធ្វើយ៉ាងណាធានានូវសង្គតិភាព និងការអនុវត្តឱ្យបានលឿន ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រក្សាស្ថាប័ននៅដដែរ ប៉ុន្តែត្រូវមាននវានុវត្តន៍ បើសិនដាក់គន្លឹះនៅក្នុងការដោះស្រាយទំនើបតែពីកណ្តាល ដល់អ្នកអនុវត្តនៅតែយឺត ល្បឿននៅដដែរ នីតិវិធីដដែរ ទៅមិនរួចនោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសាន៍ថា “យន្តការសម្រេច នៅថ្នាក់កណ្តាល យន្តការនេះប្រគល់ទៅឱ្យមែន ប៉ុន្តែការអនុវត្តភាគច្រើន គឺនៅសិទ្ធិរបស់ខេត្ត របស់ស្ថាប័ន យើងអត់ប្រមូលផ្តុំអំណាច យកមកយន្តការកណ្តាល ទៅធ្វើគ្រប់មុខ ធ្វើការជំនួសយន្តការខេត្តទេ យើងវិមជ្ឈការហើយ ប៉ុន្តែធ្វើមិចដើម្បីឱ្យលឿន គឺត្រូវមានការឯកភាពគ្នា រាល់ការសម្រេចរបស់គណៈកម្មាធិការនេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវគោរពនិងអនុវត្ត”។
សម្តេចធិបតី ក៏បានឱ្យគណៈកម្មាធិការ ត្រូវធ្វើការជាមួយយន្តការខេត្តឱ្យជាប់ រាល់ការសម្រេចទាំងអស់ គឺជាការសម្រេចដែលធ្វើប្រតិភូកម្មសិទ្ធិទៅឱ្យគណៈកម្មាធិការ ស្មើនឹងការសម្រេចរបស់ថ្នាក់ជាតិ ដូច្នេះការអនុវត្តត្រូវមានសង្គតិភាព ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា “បានន័យថា យើងមិនទៅធ្វើការជំនួសទាំងអស់ទេ យើងគ្រាន់តែសម្រេចប៉ុន្តែចាត់តាំងអនុវត្ត គឺយន្តការខេត្តដដែរ យន្តការកណ្តាលនេះ នឹងតាមដានត្រួតពិនិត្យការអនុវត្ត មានការអី គឺមានសមត្ថកិច្ច និងសិទ្ធិនៅក្នុងការដោះស្រាយជាបន្ទាន់ នេះជាគន្លឹះនៃជោគជ័យ ។ បើសិនជាយើងទំនើបកម្ម យើងធ្វើកែសម្រួល យើងរៀបចំយន្តការតែពីលើ ដល់យន្តការជើងក្រោមនៅដដែរ យើងដើរតាមនីតិវិធីចាស់អត់ទេ” ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការ ទន្ទឹមនឹងរៀបចំនីតិវិធី នៅក្នុងគណៈកម្មាធិការរបស់ខ្លួន ត្រូវបន្ស៊ីគ្នា ជាមួយនឹងការកែសម្រួល នៃនីតិវិធីរបស់ខេត្តទាំង៤ និងបានឱ្យអភិបាលខេត្តទាំង៤ នៃភូមិភាគឦសាន ក៏ត្រូវប្រកួតគ្នាដែរ ដើម្បីទាញយកផល់ប្រយោជន៍ឱ្យបានច្រើន ក្នុងការអភិវឌ្ឍក្នុងខេត្តរបស់ខ្លួននីមួយៗ ។
សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា “យន្តការនេះ ខ្ញុំបញ្ជាក់ម្តងទៀត មិនមែនជាយន្តការទៅជំនួស យន្តការថ្នាក់ខេត្តនោះទេ ប៉ុន្តែជាយន្តការទៅជួយបង្កើនបន្ថែម ជួយសម្រួលនៅក្នុងការជំរុញលើកទឹកចិត្ត ចឹងវានៅតែគន្លឹះនៃការអនុវត្តប្រសិទ្ធភាព គឺអាស្រ័យទៅលើខេត្តខ្លួនឯង ហើយខ្ញុំជឿថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តទាំង៤ ប្រាកដជាដាក់ទិសដៅទាំងនេះ ហើយផ្តល់គោលការណ៍ណែនាំ និងកែសម្រួលនីតិវិធីរបស់ខ្លួន នៅក្នុងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយយ៉ាងណាទាញសម្រួលឱ្យបាន” ។
ក្នុងន័យនេះ សម្តេចធិបតី មិនចង់ឱ្យមានការរាំងស្ទះ ដោយសារបញ្ហានីតិវិធីនៅថ្នាក់ក្រោមជាតិ មិនច្បាស់លាស់នោះទេ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ហៅកាត់ ក.វ.ឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដែលមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានមួយរូប និងអនុប្រធាន ៣រូប ព្រមទាំងសមាជិក ៣១រូប៕
