ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ៨ មេសា បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤៨៨នាក់។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីអ្នកជំនាញឱ្យបានច្រើន។ ចំណុចសំខាន់គឺត្រូវស្វែងរកចំណុចខ្វះខាតឱ្យចំគោលដៅ និងទទួលយកការកែលម្អដោយរីករាយ ដើម្បីផ្តល់សេវាសុខាភិបាលផ្តោតលើប្រជាពលរដ្ឋជាធំ ។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម”។ ក្រិត្យក្រមទី១ គឺទាក់ទងនឹងឯកភាព និងការតស៊ូរវាងភាពផ្ទុយគ្នា ដែលជាទំនាស់ក្នុងវិចារវិទ្យា។ ការតស៊ូនេះ បូកផ្សំជាមួយការសម្របសម្រួលនឹងគ្នា នឹងនាំមកនូវតុល្យភាពដែលជម្រុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើន។ ក្រិត្យក្រមទី២ គឺទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព។ក្នុងន័យនេះដែរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់តាមដានលើការវិវត្តនៃបញ្ហាអ្វីមួយឱ្យបានជាប់លាប់ (បរិមាណ) និងទប់ស្កាត់ឱ្យបានទាន់ពេលលើការប្រែប្រួលធ្ងន់ធ្ងរដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពរហូតដល់ដោះស្រាយលែងកើត៕

To Top