ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឱ្យទប់ស្កាត់បានដាច់ខាត នូវជនបរទេសលួចជ្រៀតចូលដោយខុសច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការជំនាញទប់ស្កាត់ឱ្យបានដាច់ខាត នូវជនបរទេសលួចជ្រៀតចូលដោយខុសច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

តាមរយៈសេចក្តីណែនាំ ស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការជំនាញទប់ស្កាត់ឱ្យបានដាច់ខាត នូវជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់ ជាពិសេសមុខសញ្ញាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ក៏ដូចជា មុខសញ្ញាដែលមានតម្រុយបង្កវិទ្ធង្សនា ធ្វើឱ្យចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ទន្ទឹមគ្នានេះ ត្រូវមានការសម្របសម្រួល ជាមួយអាជ្ញាធរនៃប្រទេសជិតខាង ដើម្បីបង្ក លក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋខ្មែរ បានត្រលប់ចូលមកកម្ពុជាវិញ។

នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេល នូវរាល់សកម្មភាពដែលអាច និង/ឬបង្កគ្រោះថ្នាក់ ឬការភ័យខ្លាចដល់ប្រជាពលរដ្ឋដូចជា សកម្មភាពក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ការប្រើទឹកកង្វក់ ឬវត្ថុរឹងគប់ដាក់គ្នា។ល។ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ជះឥទ្ធិពលមិនល្អ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សង្គមជាតិខ្មែរ។

លើសពីនេះ បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយភាពបត់បែន រស់រវើក ដោយ បញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់នានា និងត្រូវមានផែនការជាមុនក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួល ចរាចរណ៍តាមដងផ្លូវជាតិ ទីប្រជុំជន ជាពិសេសច្រកចេញ-ចូលរាជធានី ទីរួមខេត្ត និងគោលដៅផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

To Top